(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ មានពិធីប្រគល់សម្ភារៈគ្រឿងបរិក្ខារ ដែលជាការងារសង្គមចម្បងមួយរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ សម្រាប់ការកែលំអទីតាំងមួយចំនួននៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាមន្ទីរពេទ្យរដ្ឋមួយនៅកម្ពុជា ដែលបានបង្កើតឡើងតាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៦០ មកម្ល៉េះ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា និងថ្នាក់ដឹកនាំជាន់ខ្ពស់ វេជ្ជបណ្ឌិត និងបុគ្គលិកនៃមន្ទីរពេទ្យ។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា បានឧបត្ថម្ភថវិកាប្រមាណជាង ២០,០០០ ដុល្លារអាមេរិក សម្រាប់ការកែលំអទីតាំងមួយចំនួនក្នុងមន្ទីរពេទ្យ រួមទាំងការដាក់ស្លាកសញ្ញាបង្ហាញទីតាំងអគារមន្ទីរពេទ្យ និងផ្ទាំងប៉ាណូនៅខាងក្នុងមន្ទីរពេទ្យ។

លោក អាឡិន ថៃ នាយកប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា បានថ្លែងថា «ស្របគ្នាជាមួយនឹងការអភិវឌ្ឍអាជីវកម្មរបស់យើង ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា ជឿជាក់ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលយើងកំពុងប្រតិបត្តិការ។ កិច្ចការងារនេះជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយលើកកម្ពស់ជីវភាព និងភាពងាយស្រួលរបស់ប្រជាជនកម្ពុជា»

«ដំណើរការនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា នៅកម្ពុជា មានរយៈពេលវែង យើងនៅទីនេះដើម្បីបម្រើ និងបំពេញសេចក្តីត្រូវការធានារ៉ាប់រងអាយុជីវិត រួមទាំងការការពារសុខភាពជូនដល់ប្រជាជនកម្ពុជា គឺ ដាយ អ៉ិឈិ ឡាយហ្វ៍ “នៅក្បែរអ្នកជានិច្ច សម្រាប់សុខភាព”»។ លោក អាឡិន ថៃ គូសបញ្ជាក់។

លោក សាស្ត្រាចារ្យ ចាន់ វិចិត្រ នាយករងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានអរគុណចំពោះការឧបត្ថម្ភកែលំអស្លាកសញ្ញាសម្ភារៈរដ្ឋបាល និងគ្រឿងបរិក្ខារ ចំនួន៧ធំៗ ដើម្បីលើកសោភ័ណ្ឌភាព មន្ទីរពេទ្យឲកាន់តែស្រស់ស្អាត និងសម្រួលដល់បុគ្គលិកមន្ទីរពេទ្យ ព្រមទាំងបម្រើឲ្យផលប្រយោជន៏ជូនសាធារណៈជន។ លោកក៏បានជូនពរ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ទទួលការគាំទ្រ និងបន្តការផ្តល់ការការពារដល់ប្រជាជនកម្ពុជា ផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ អ៉ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៉ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៨ ឆ្នាំជាប្រវត្តិសាស្ត្រ។ DLHD ទទួលបានចំណាត់ថ្នាក់ A+ ទៅលើកការវាយតម្លៃតាមរយៈ S&P និងជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជន និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូន «ភាពស្ងប់ចិត្ត» ក្រោមទស្សនៈ «អតិថិជនជាចម្បង»។ ក្រុមហ៊ុននេះ ចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងៗទៀត។

ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង អ៉ីង មានគ្រឹះមូលធនដ៏រឹងមាំ និងទ្រព្យសកម្មសរុប ៥៥១ ពាន់លានដុល្លារអាមេរិក និងបុព្វលាភធានារ៉ាប់រងជាង ៤៥ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០)៕