(អាមេរិក)៖ របាយការណ៍ថ្មីមួយដែលទើបចេញផ្សាយបានបង្ហាញឱ្យដឹងថា នៅពេលនេះក្រុមហ៊ុន Facebook បាននិងកំពុង រងពាក្យ បណ្ដឹង ថ្មីមួយ ក្រោមបទចោទប្រកាន់ថា បានបំប៉ោងតួលេខអ្នកអាន ដែលយើងហៅថា «potential reach» ដែលការធ្វើបែបនេះគឺដើម្បីបង្កើន ប្រាក់ចំណូល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន ជាច្រើនបាន ចំណាយលុយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន Facebook ទៅលើផលិតផល ឬសេវាកម្ម ក្នុងគោលដៅ រុញច្រាន ផលិត ឬសេវាកម្មឱ្យទៅដល់ដៃអតិថិជន ស្រាប់តែបែកក្លាយព័ត៌មានមកថា Facebook បានបំប៉ោង ឬប្រើល្បិចក្នុងការបង្ហាញតួលេខអ្នកអានក្លែង ក្លាយ ឬខុសពីការពិត ដើម្បីបានប្រាក់ចំណូលច្រើន។

ប្រភពព័ត៌មានចេញពី Facebook ផ្ទាល់បានឱ្យដឹងថា សកម្មភាពមួយនេះត្រូវបានធ្វើឡើងតាំងយូរណាស់មកហើយ ដោយក្នុងនោះ ប្រធាន ផ្នែក កំពូលៗគឺបានដឹងរឿងនេះ ហើយនៅពេលដែលមានការទទូចឱ្យធ្វើការកែតម្រូវពីថ្នាក់ក្រោម ត្រូវបានថ្នាក់លើបដិសេធ និងឆ្លើយថា វាធ្វើឱ្យប៉ះពាល់ដល់ ចំណូលក្រុមហ៊ុន។

ចំណុចមួយដែល Facebook បានបន្លំភ្នែកអ្នកប្រើប្រាស់នោះគឺ Facebook បានលុបចោលគណនីដែលក្លែងក្លាយ និងជាន់ឈ្មោះគ្នា តិចតូច ប៉ុណ្ណោះ ដោយទុកតួលេខឱ្យច្រើន ដើម្បីងាយស្រួល ទុកសម្រាប់ផ្ដល់ឱ្យអ្នកដែលបានផ្សព្វផ្សាយពាណិជ្ជកម្ម។ វាន័យថា នៅពេលខ្លះ តំបន់ ឬទីតាំងដែលយើងជ្រើសរើសសម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្មនោះ វាមានអ្នកប្រើ Facebook មិនដល់ចំនួនដែលយើងចង់បាននោះទេ ប៉ុន្តែ Facebook បានបំប៉ោង និងបន្លំតួលេខ។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០២០កន្លងទៅនេះ Facebook រកចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មរហូតដល់ ៨៤.២ពាន់លានដុល្លារអាមេរិក ដែលអាចនិយាយបានថា ជាចំណូលមួយខ្ពស់ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗ នៅអាមេរិក៕