(កូឡាឡាំពួរ)៖ សហព័ន្ធបាល់ទាត់អាស៊ី Asian Football Confederation (AFC) បានប្រកាសបន្ថែមនាថ្ងៃទី១៩ ខែកុម្ពៈ ឆ្នាំ២០២១ នេះ សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 តំបន់អាស៊ី ត្រូវបានសម្រេចពន្យារពេលទៅដល់ខែមិថុនា ឆ្នាំ២០២១ ដោយសារបញ្ហាវិបត្តិ COVID-19។

AFC បានធ្វើការពិភាក្សារួមគ្នាជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ក្នុងការសម្រេចពន្យារពេលការប្រកួតវគ្គជម្រុះតំបន់អាស៊ី នៃការប្រជែងកៅអីឡើងទៅប្រទេសកាតា World Cup 2022 និងការប្រកួត AFC Asian Cup 2023 ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលដូចគ្នា។

បញ្ហានេះត្រូវបានពិចារណាឡើងចំពោះផលវិបាកក្នុងការធ្វើដំណើរ និងការស្នាក់នៅដាច់ដោយឡែកដែលបណ្តាលពីវិបត្តិ COVID-19 ជាមួយការរឹតត្បិតការធ្វើដំណើរ ដើម្បីឲ្យស្របតាមវិធានសុខាភិបាលដែលធ្វើឲ្យការប្រកួតតំបន់អាស៊ីត្រូវខកខានតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ ដែលការប្រកួតនានាគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនាឆ្នាំនេះ៕