(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបំពេញកូតាកីឡាករបរទេសត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ រួចរាល់ហើយ បន្ទាប់ពីប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មី កីឡាករសញ្ជាតិប្រេស៊ីល Lago Bento Fernandes ដែលផ្ទេរមកពីក្របខណ្ឌកំពូលប្រេស៊ីល Serie A គឺក្លិប Coritiba FC នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។

ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ ផ្ដើមអាជីព និងហ្វឹកហាត់ជាមួយក្រុមថ្នាលគ្រប់កម្រិតនៅក្លិប Atletico MG ចាប់ពីឆ្នាំ២០១២-២០១៨ មុនកីឡាករកម្ពស់ ១.៧០ម៉ែត្ររូបនេះផ្ទេរទៅលេងឲ្យក្លិប Coritiba FC នៅឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ កន្លងទៅ។

Lago Bento Fernandes គឺជាកីឡាករបរទេសទី៥ ដែលអង្គរថាយហ្គឺរបាននាំចូលត្រៀមរដូវកាលថ្មី បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Eliel Da Cruz Guardiano អតីតសមាជិកក្លិបវិសាខា, ខ្សែបម្រើសញ្ជាតិបេឡារុស្ស Maksim Taleyko, ខ្សែបម្រើសញ្ជាតិជប៉ុន Kosuke Uchida និងខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិតុងហ្គា ATA Inia៕