(ម៉េលប៊ិន)៖ កីឡាករវាយកូនបាល់ទោល Daniil Medvedev បានយកឈ្នះគូប្រជែង Stefanos Tsitsipas ក្នុងវគ្គ ៤នាក់ចុងក្រោយ ដើម្បីឡើងទៅប៉ះជើងខ្លាំង Novack Djokovic នៅវគ្គដណ្តើមពាន Austalian Open 2021 ដែលមានអូស្រ្តាលីធ្វើម្ចាស់ផ្ទះ។

Daniil Medvedev ដែលជាកីឡាករមកពីរុស្ស៊ីបានទម្លាក់គូប្រជែងដែលជាជនជាតិក្រិក Stefanos Tsitsipas ក្នុងលំដាប់ពិន្ទុ ៦-៤ ៦-២ និង ៧-៥ ក្នុងការប្រកួតដែលត្រូវបានធ្វើឡើងនាទីក្រុង Melbourne ប្រទេសអូស្រ្តាលីនាថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាជ័យជម្នះលើកទី២០ របស់ Medvedev ក្នុងការប្រកួតពានកម្រិត Grand Slam មួយនេះ។

លើសពីនេះទៀត Medvedev ដែលឈរនៅចំណាត់ថ្នាក់លេខ៤ ពិភពលោក វ័យ ២៥ឆ្នាំ នឹងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវីធីធំៗជាលើកទី២ ដោយត្រូវប៉ះ Novack Djokovic ដែលជាជនជាតិសែប៊ី ដណ្តើមពាន Austalian Open 2021 នៅថ្ងៃអាទិត្យស្អែកនេះ។

គួររំលឹកផងថា Medvedev បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រម្តងកាលឆ្នាំ២០១៩ ក្នុងព្រឹត្តិការណ៍ US Open នៅសហរដ្ឋអាមេរិក ដែលបានក្លាយជាកីឡាកររុស្ស៊ីទី២ ក្នុងការព្យាយាមឈ្នះពានវាយកូនបាល់ទោលផ្នែកបុរសលើកដំបូងគិតចាប់តាំងពីរុស្ស៊ី ឈ្នះចុងក្រោយគេក្នុងឆ្នាំ២០០៥ មក៕