(តូក្យូ)៖ ក្រុមហ៊ុន Hauwei ទើបតែប្រកាសជាផ្លូវការកាលពីថ្មីៗនេះថា ខ្លួនមិនលក់អាជីវកម្មទូរស័ព្ទចល័តនោះទេ បើទោះបីជាការលក់ធ្លាក់ចុះក្ដី ដោយឡែកនៅពេលនេះ មានព័ត៌មានថ្មីថា ក្រុមហ៊ុននឹងកាត់បន្ថយការផលិតវិញ ដើម្បីជំនួសឱ្យការឈប់ផលិត ឬលក់អាជីវកម្ម។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍យក្សមួយនេះ បានរៀបចំផែនការយុទ្ធសាស្ត្រថ្មី ដោយនឹងកាត់បន្ថយការផលិតទូរស័ព្ទប្រមាណជា ៥០ភាគរយនៅក្នុងឆ្នាំនេះ ដើម្បីទប់ទល់នឹងការលក់មិនសូវដាច់ និងការដាក់ទណ្ឌកម្មពីអាមេរិក។

យោងតាមរបាយការណ៍បានបង្ហាញថា ក្រុមហ៊ុន Huawei បានគ្រោងផលិតទូរស័ព្ទតែ ៧០ ទៅ ៨០លានគ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំនេះ ដោយតាមគម្រោងគឺត្រូវផលិតរហូតដល់ ១៨៩លានគ្រឿង។

បញ្ហាចម្បងរបស់ Hauwei គឺ ទូរស័ព្ទដៃប្រើប្រាស់ប្រព័ន្ធ 5G ព្រោះថា ស្មាតហ្វូនដែលប្រើ 5G របស់ Huawei ត្រូវបានហាមឃាត់ការលក់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុប ដោយសារតែលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានចេញបញ្ជាហាមឃាត់ការលក់នៅលើទឹកដីអាមេរិក ក្រោមហេតុផលបង្កឱ្យមានហានិភ័យ និងសន្តិសុខជាតិ ហើយបានអំពាវនាវដល់សម្ព័ន្ធមិត្តអាមេរិកទាំងអស់កុំឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Huawei ថែមទៀងផង៕