(ភ្នំពេញ)៖ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន KP ម៉ន ដានី បានជួយបង្កើតការងារប្រហែល ១០,០០០ កន្លែងជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនក្នុងអំឡុងជំងឺកូវីដ១៩។

លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានវីឡា KP ម៉ន ដានី បានថ្លែងប្រាប់ពីការផ្តល់ការងារដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជាថ្ងៃដែលក្រុមហ៊ុនប្រកាសចាប់ផ្តើមលក់ជាផ្លូវការនូវគម្រោងលំនៅដ្ឋានវីឡាប្រណីតថ្មីខ្នាតធំលើផ្ទៃដីចំនួន ១២៥ ហិចតា ស្ថិតនៅលើផ្លូវជាតិលេខ៣ ចម្ងាយ ១៧ គីឡូម៉ែត្រពីរង្វង់មូលចោមចៅ។

ទស្សនវិស័យរបស់ក្រុមហ៊ុន KP ម៉ន ដានី គឺចង់ឃើញប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈមានលំនៅដ្ឋានមួយសមរម្យ កក់ក្តៅ និងរស់នៅក្នុងសហគមន៍មួយប្រកបដោយសុវត្ថិភាព សន្តិសុខ និងមានបរិស្ថានបៃតងស្រស់បំព្រងក្រោមដំបូលសន្តិភាព។

ការងារដែលក្រុមហ៊ុន KP ម៉ន ដានី ផ្ដល់ជូន គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជនដែលមានជំនាញផ្នែកគូសប្លង់ វិស្វករ គណនេយ្យ ហិរញ្ញវត្ថុ ផ្នែកលក់ និងទីផ្សារឌីជីថល និងយុវជនរាប់សិបនាក់ទៀតកំពុងហាត់ការផ្នែកទំនាក់ទំនងសាធារណៈ។

រហូតមកទល់ពេលនេះ ក្រុមហ៊ុន KP ម៉ន ដានី បានចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ដូចជាផ្លូវបេតុង និងលូជាដើម សរុបជាថវិកាជិត ១,០០០,០០០ ដុល្លារ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងស្មារតីជួយគ្នាក្នុងគ្រាលំបាកពេលដែលកម្ពុជាជួបគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនបុរី KP ម៉ន ដានី ក៏បានជួយឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង រួមមានអំណោយជាអង្ករ ២០ តោន ត្រីខ ៩,៨០០ កំប៉ុង មី ៤,០៧៦ កេស ទឹកបរិសុទ្ធ ៤,០០០ កេស និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

ក្រុមហ៊ុន KP ម៉ន ដានី ក៏បានបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕