(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជើងឯកឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់លីគនារី ឆ្នាំ២០២០ នៅកីឡដ្ឋាន RSN។ ចាំមើលភ្នំពេញក្រោន ឬព្រះខ័នរាជស្វាយរៀង នឹងឡើងវគ្គផ្ដាច់ព្រ័ត្រ?

មុនការប្រកួតវគ្គដ៏សំខាន់នេះ ក្រុមទាំងពីរធ្លាប់ជួបគ្នាកាលពីវគ្គសន្សំពិន្ទុរួចមកហើយ ដោយបញ្ចប់ជាមួយលទ្ធផលស្មើ ០-០ នៅទឹកដីខេត្តស្វាយរៀង។ ដូច្នេះចាំមើលការប្រកួតស្អែកនេះ តើក្រុមណាមួយនឹងត្រូវបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដ្បិតកាលពីឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង ធ្លាប់យកឈ្នះភ្នំពេញក្រោន ២-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រម្តងមកហើយ។

លោក ចាន់ ពេញ គ្រូបង្វឹកក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ថា នេះគឺជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមខ្លាំង ដែលត្រូវប្រកួតក្រៅដី។ ម្យ៉ាងភ្នំពេញក្រោន ក៏មានប្រៀបលើកម្លាំង ដ្បិតពួកគេបានឈរចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ផ្ទុយពីស្វាយរៀង ដែលបានប្រកួត Play-Off ជាមួយខេត្តបាត់ដំបងកាលពីថ្មីៗ។

លើសពីនេះ ព្រះខ័នរាជស្វាយរៀងក៏ទាមទារឈ្នះក្រុមភ្នំពេញក្រោន ដាច់ខាតផងដែរ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ខណៈបើស្មើ ឬចាញ់ ឱកាសមាសនេះនឹងធ្លាក់ទៅលើក្រោនហើយ។ ដូច្នេះលោកបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការដឹកនាំក្រុមប្រជែងជ័យជម្នះក្នុងការប្រកួតស៏សំខាន់នេះ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ពិសេសគឺការការពារតំណែងជើងឯកតែម្ដង។

គួរបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ការប្រកួតសន្សំពិន្ទុ ដោយឈរលេខ៤ ហើយបានយកឈ្នះក្រុមឈរលេខ៣ គឺខេត្តបាត់ដំបង ២-១ ដើម្បីឡើងមកជួបក្រុមឈរលេខ២ គឺភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្អែកនេះ ហើយក្រុមដែលទទួលបានជ័យជម្នះ នឹងត្រូវបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដែលមានក្រុមកំពូលតារាង កំពង់ស្ពឺ-ណាហ្គាវើលដ៏ កំពុងឈរចាំស្រាប់៕