(ភ្នំពេញ)៖ តារាចម្រៀងសំឡេងក្រអួនក្រអៅ មាស សុខសោភា ត្រូវបានទ្រនំថ្មីរបស់ខ្លួន គឺផលិតកម្ម «រាម» ចាត់ទុកថា ជាតារាចម្រៀងមានសំឡេងពីធម្មជាតិពិតៗ ព្រមទាំងបានបំពាក់មកុដ ជាសក្ខីបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ នៅក្នុងថ្ងៃទទួលស្វាគមន៍តារាចម្រៀងរូបនេះ ចូលមកកាន់ក្នុងផលិតកម្មរបស់ខ្លួន ក្រោមវត្តមានភ្ញៀវកិត្តិយសជាមន្រ្តីរាជការ អាជីវករ ពាណិជ្ជករ អ្នកជំនួញ និងអ្នកសិល្បៈជាច្រើននាក់។

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ផលិតកម្ម «រាម» ដែលទើបតែសម្ពោធ ជាផ្លូវការកាលពីពេលថ្មីៗនេះ អមជាមួយនឹងវត្តមានរបស់តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព មាស សុខសោភា នោះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រ និងហ្វេនៗរបស់ខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះ។ ជាមួយគ្នានេះ គេក៏សង្កេតឃើញមានភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅវិថីសិល្បៈ បង្ហាញវត្តមាននារាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ យ៉ាងច្រើនកុះករ ក្នុងការចូលរួមអបអរសាទរ ជាមួយនឹងតារាចម្រៀង មាស សុខសោភា ក្នុងការមកកាន់ផលិតកម្ម «រាម» ជាផ្លូវការ។

អ្វីដែលមហាជន មានការចាប់អារម្មណ៍ខ្លាំង ក្នុងថ្ងៃសម្ពោធផលិតកម្ម «រាម» គឺ អ្នកស្រី នួន ស៊ុន្ទរី អគ្គនាយិកាផលិតកម្ម «រាម» ក៏បានធ្វើការបំពាក់មកុដ ជូនដល់តារាចម្រៀង មាស សុខសោភា ព្រមទាំងបានដាក់ឈ្មោះថា «តារាចម្រៀងស្រីមានសំឡេងធម្មជាតិ» ថែមទៀតផង ធ្វើឲ្យតារាស្រីរូបនេះ រំភើបជាខ្លាំងស្ទើរទប់ទឹកភ្នែកមិនជាប់។

ជាការពិតតារាចម្រៀងស្រី មាស សុខសោភា នាពេលកន្លងមក ក៏ត្រូវបានមហាជន និងអ្នកគាំទ្ររបស់ខ្លួន ទទួលស្គាល់ថា នាងពិតជាមានសំឡេងធម្មជាតិពិតមែន មិនថាខ្លួន បកស្រាយបទចម្រៀងជាភាសាបរទេស និងចម្រៀងជាតិនោះទេ សុទ្ធតែបានល្អទាំងអស់។

អ្នកស្រី នួន ស៊ុន្ទរី អគ្គនាយិកាផលិតកម្ម «រាម» បានថ្លែងប្រាប់ Fresh News Plus ថា ថ្វីត្បិតតែផលិតកម្មណ «រាម» ជាផលិតកម្មទើបតែបង្កើតថ្មី ប៉ុន្តែមានគោលដៅច្បាស់លាស់ក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ជាពិសេសមានមហិច្ឆតាខ្ពស់ ក្នុងការចូលរួមលើកស្ទួយវិស័យសិល្បៈ ពិសេសលើវិស័យចម្រៀងខ្មែរ ឲ្យកាន់តែមានភាពរីកចម្រើន និងទូលំទូលាយ ព្រមជាមួយការប្រកួតប្រជែង លើទីផ្សារអន្តរជាតិថែមទៀតផង។

អ្នកស្រីបន្តថា ផលិតកម្ម បានត្រៀមយុទ្ធសាស្ត្រជាច្រើន ដើម្បីចូលខ្លួនបម្រើក្នុងវិស័យសិល្បៈ ទាំងចម្រៀង និងភាពយន្ត ដោយបាននឹងទទួលយកនូវកិច្ចសហការដោយក្ដីរីករាយ ប្រសិនបើមានផលិតកម្ម, ផលិតករ ឬអ្នកមានទេពកោសល្យសិល្បៈណាមួយចង់សហការជាមួយ គឺស្វាគមន៍ជានិច្ច។ ផលិតកម្ម «រាម» ផលិតបទចម្រៀងឡើង គឺផ្ដោតសំខាន់ទៅលើគុណភាពជាចំបង មានចក្ខុវិស័យច្បាស់លាស់ ហើយក៏មិនប្រកួតប្រជែង ជាមួយនឹងផលិតកម្មក្នុងស្រុកណាមួយឡើយ។

សូមបញ្ជាក់ថា បន្ទាប់ពីបានចូលជ្រកនៅក្នុងផលិតកម្ម រាម ជាផ្លូវការរួចមក ស្នាដៃដំបូងរបស់តារាចម្រៀង មាស សុខសោភា នៅក្នុងផលិតកម្មនេះ មានចំណងជើងថា «ត្រឡប់» ដែលត្រូវបានផលិតកម្ម សម្រិតសម្រាំងឡើងយ៉ាងពិសេស និងបញ្ចេញជាផ្លូវការនៅថ្ងៃសម្ពោធ ក៏ដូចជានៅក្នុងថ្ងៃដែលផលិតកម្ម រៀបចំពិធីទទួលរូបនាងយ៉ាងគគ្រឹកគគ្រេងផងដែរ៕