(លីវើភូល)៖ ក្រុមការពារតំណែងជើងឯក Liverpool បានបន្តកំណត់ត្រាចាញ់ជាលើកទី៤ ជាប់ៗគ្នានៅ Premier League នៅក្រោយពេលបរាជ័យក្រោមថ្វីជើង Everton ២-០ នៅទឹកដី Anfield នារាត្រីថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់ជើងទី២ រដូវកាលនេះ។

ដូចគ្នានោះដែរ ខ្សែបម្រើប្រយុទ្ធ Jordan Henderson ដែលជាប្រធានក្រុម ក៏បានរងរបួសរមួលសាច់ដុំជាទម្ងន់ផងដែរ ដែលត្រូវប្តូរចេញ ជំនួសមកវិញដោយ Nathaniel Phillips ក្នុងតំបន់ការពារ នៅពេលដែលក្រុមរបស់លោក Jurgen Klopp មានបញ្ហានៅតំបន់ការពារជាខ្លាំងនោះ។

កីឡាករអន្តរជាតិប្រេស៊ីល Recharlison ជាអ្នករកបានគ្រាប់បើកឆាកឲ្យ Everton នៅនាទីទី៣ ក្រោយទទួលបានបាល់ពី James Rodriguez មុនពេល Gylfi Sigurdsson ធ្វើបានសម្រេចគ្រាប់ទី២ ដោយបាល់ ១១ម៉ែត្រនៅនាទី៨៣ ដើម្បីរក្សាប្រវត្តិលេងមិនចាញ់ហង្សក្រហមក្នុងការជួបគ្នា ៣ប្រកួតចុងក្រោយនេះ ក្រៅពីស្មើ២ និងឈ្នះ១ដង។

កីឡាករអង់គ្លេស វ័យ ៣០ឆ្នាំ Jordan Henderson បានក្លាយជាក្លាយជាកីឡាកររបួសទី៥ របស់ Liverpool ដែលធ្វើឲ្យលោក Jurgen Klopp ឈឺក្បាលខ្លាំងឡើង ដ្បិត Virgil van Dijk, Joel Matip, Joe Gomez និង Fabinho បានកំពុងមានបញ្ហារបួសដូចៗគ្នា ធ្វើឲ្យក្រុមនេះធ្លាក់ដល់លេខ៦ បណ្តោះដាច់ឆ្ងាយពីក្រុមកំពូលតរាង Manchester City ដល់ទៅ ១៦ពិន្ទុឯណោះ៕