(ភ្នំពេញ)៖ ម៉ាស៊ីន VTM (Virtual Teller Machine) គឺជាម៉ាស៊ីនស្វ័យប្រវត្តិដែលធ្វើឱ្យអតិថិជនងាយស្រួលបើកគណនី និងស្នើសុំប័ណ្ណអេធីអឹមអេស៊ីលីដា (ATM Classic Card) បានដោយខ្លួនឯង។ អតិថិជនអាចទទួលបានប័ណ្ណអេស៊ីលីដាយ៉ាងឆាប់រហ័ស អតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗបានភ្លាមៗ បន្ទាប់ពីទទួលបានប័ណ្ណ។

ជាមួយគ្នានេះដែរ អតិថិជនត្រូវមានគណនីក្នុងប្រព័ន្ធ T24 និងរូបិយប័ណ្ណជាប្រាក់ដុល្លារ (USD)។ អតិថិជនត្រូវមានគណនីឯកត្តជន (Personal A/C) ជាគណនីបញ្ញើសំចៃ គណនីសម្រាប់ប្រាក់បៀវត្ស គណនីបញ្ញើតាមតម្រូវការ គណនីចរន្ត។ គណនីត្រូវមាន Fingerprint (Biometrics) ឬលេខទូរសព្ទ សម្រាប់បញ្ជាក់ភាពជាម្ចាស់គណនី ឬដំណើរការប័ណ្ណ។ ឈ្មោះដែលបោះពុម្ពលើប័ណ្ណមានចំនួនតែ២១តួអក្សរ ដោយរាប់បញ្ចូលទាំង ដកឃ្លា និងសញ្ញា។

ពីមុនអតិថិជនត្រូវការប័ណ្ណ អេធីអឹម យកប្រើប្រាស់ ត្រូវដាក់ពាក្យស្នើសុំរហូតដល់ ៣ថ្ងៃ ទើបទទួលបានប័ណ្ណយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ តែចាប់ពីពេលឥឡូវនេះទៅ អតិថិជនអាចស្នើសុំប័ណ្ណនេះយកទៅប្រើប្រាស់បានភ្លាមដោយមិនចាំយូរឡើយ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ បានថ្លែងយ៉ាងដូច្នេះថា៖ «ពេលមុនអតិថិជនលោកអញ្ជើញមកបើកគណនីនៅធនាគារ អេស៊ីលីដា លោកត្រូវត្រូវការស្នើសុំប័ណ្ណអេធីអឹមយកទៅប្រើប្រាស់ ហើយការស្នើសុំនេះត្រូវរង់ចាំពេលវេលាយ៉ាងតិចណាស់ក៏ ៣ថ្ងៃដែរ តែឥឡូវនេះមិនចាំបាច់រង់ចាំទៀតទេ ពេលគាត់អញ្ជើញមកបើកគណនីហើយ គាត់ត្រូវការស្នើសុំប័ណ្ណអេសធីអឹម (ATM Classic Card) គាត់បោះពុម្ពប័ណ្ណនេះដោយខ្លួនឯងបានភ្លាមៗ ពីម៉ាស៊ីនដាក់ប្រាក់ស័្វយប្រវត្តិរបស់ធនាគារ អេស៊ីលីដា VTM (Virtual Teller Machine) ដោយងាយស្រួល»

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា នៅពេលបន្តិចទៀត អតិថិជនចង់ដូរប័ណ្ណចាស់យកប័ណ្ណថ្មី ប័ណ្ណខូច ឬបាត់ប័ណ្ណ គ្រាន់លោកអញ្ជើញ មកដល់ម៉ាស៊ីនបើកគណនី ស័្វយប្រវត្តិ VTM គាត់នឹងបោះពុម្ពប័ណ្ណបានផងដែរ៕