(បរទេស)៖ របាយការណ៍ជាច្រើនបានបង្ហាញថា Apple កំពុងចាប់ផ្ដើមផលិត iPhone អេក្រង់បត់ប្រភេទ foldable ហើយគ្រោងនឹងចេញ លក់ នៅឆ្នាំ ២០២៣ ឬមុននេះ ប៉ុន្តែរបាយការណ៍ថ្មីបានបង្ហាញថា Apple គួរតែចេញលក់ iPhone អេក្រង់បត់នៅដើមឆ្នាំ២០២៤ ទើបល្អ បំផុត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Area នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ស្ថាប័នវិភាគ TheElec បានផ្ដល់យោបល់ដល់ Apple ថា សម្រាប់ iPhone អេក្រង់បត់ foldable គួរតែដាក់លក់នៅឡើទីផ្សារ នៅដើមឆ្នាំ ២០២៤ ដោយសារតែវាជាឆ្នាំដ៏ល្អបំផុតសម្រាប់ទីផ្សារ ស្មាតហ្វូនអេក្រង់ foldable ជាពិសេសគឺមាននៅមានហេតុផងមួយចំនួនទៀតដូចជា៖

ទី១ ក្រុមហ៊ុន Apple បាននិងកំពុងតែផ្លាស់ប្ដូរពីការប្រើអេក្រង់ LCD មក OLED ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិត និងការប្រើប្រាស់ ជាពិសេសគឺថវិកានៃការវិនិយោគ។

ចំណុចទី២ បើសិនជា Apple ចេញលក់នៅឆ្នាំ ២០២២ ឬ២០២៣ គឺឱកាសនៃការវាយលុកទីផ្សារ ឬឱកាសនៃទីផ្សារស្មាតហ្វូន foldable មិនទាន់បើកចំហរនោះទេ ជាក់ស្ដែងយើងឃើញថា Samsung លក់ស្មាតហ្វូនអេក្រង់បត់បានត្រឹមតែ ២.៥លានគ្រឿងប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២០ ខណៈដែលតាមផែនការត្រូវលក់ឱ្យបាន ៥លានគ្រឿង។

ចំណុចទី៣ ទោះបីជាការផលិត និងបច្ចេកវិទ្យារបស់ iPhone អេក្រង់បត់ល្អកម្រិតណាក៏ដោយ ក៏អតិថិជននៅមិនទាន់មានលទ្ធភាព ទិញ ផងដែរ ព្រោះថា iPhone អេក្រង់ foldable គឺមានតម្លៃថ្លៃ ដូច្នេះពួកគេត្រូវត្រៀមថវិកា ណាមួយបញ្ហាជំងឺកូវីដ-១៩ នៅមិនទាន់រសាយបាត់ នោះទេ វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែបន្តកើតមាន។

គួរបញ្ជាក់ផងដែរថា របាយការណ៍ចុងក្រោយបានបង្ហាញថា Apple បានជ្រើសរើសយក LG ក្នុងការផ្គត់ផ្គង់អេក្រង់ foldable សម្រាប់ iPhone និងត្រៀមចេញនៅចន្លោះឆ្នាំ ២០២២ ឬ២០២៣ ប៉ុន្តែរបាយការណ៍ពិតពី Apple នៅមិនទាន់ទទួលបាននោះទេ៕