(ភ្នំពេញ)៖ កាហ្វេជាភេសជ្ជៈដែលគេនិយមទទួលទាន ទាំងនៅកម្ពុជា និងលើពិភពលោក ។ជាទូទៅ ទទួលទានកាហ្វេ ៣-៥ពែងក្នុងមួយថ្ងៃ (ពែងស្ដង់ដាសម្រាប់ពិសាកាហ្វេ) នឹងជួយកាត់បន្ថយហានិភ័យសុខភាព ជាពិសេស ជំងឺខួរក្បាល បេះដូង មហារីក សួត និងថ្លើម។ ប៉ុន្ដែ គេក៏មិនលើកកម្ពស់ឱ្យញុំាកាហ្វេ ដើម្បីបង្ការជំងឺទាំងនេះនោះទេ ដោយគ្រាន់តែការពិសាកាហ្វេនេះ ជាចំណែកមួយនៃជីវិតប្រចាំថ្ងៃតែប៉ុណ្ណោះ។

តាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ស៊ុយ សុវណ្ណារ៉ា ឯកទេសជំងឺបេះដូង នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានឱ្យដឹងថាទៀតថា «ដោយយោងតាមឯកសារមួយដែលបានចេញកន្លងទៅរបស់ New England Journal of Medicine គេចែកកាហ្វេជាពីរ គឺ Filter និង Unfilter Coffee។ Filter Coffee គឺកាហ្វេ ឆុងដោយឆ្លងកាត់តម្រងច្រោះត្រឹមត្រូវ, Unfilter Coffee កាហ្វេឆុងគ្មានតម្រង ប្រភេទកាហ្វេបែបនេះ មិនត្រឹមតែមិនផ្ដល់អត្ថប្រយោជន៍នោះទេ ថែមទាំងមានផលប៉ះពាល់ដល់សុខភាពថែមទៀតផង ដោយកើនឡើងនូវពពួកកូឡេស្ដ្រេរ៉លអាក្រក់ ហានិភ័យដល់ជំងឺបេះដូង និងសរសៃរឈាមរហូតដល់ទៅ១១%»

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការទទួលកាហ្វេ ដែលឆុងមានតម្រងចម្រោះត្រឹមត្រូវ៖

* ជួយខួរក្បាល ធ្វើឱ្យស្មារតីស្រស់ថ្លា មានថាមពល
* ជួយបង្កើនការចង់ចាំ
* កាត់បន្ថយជំងឺ Alzheimer Disease (ជំងឺភ្លេចភ្លាំង) និង Parkinson Disease (ជំងឺញ័រដៃ ញ័រជើង)
* ជួយកាត់បន្ថយហានិភ័យ ជំងឺបេះដូង និងសរសៃឈាម
* ជួយកាត់បន្ថយសារធាតុខ្លាញ់ ឬកូឡេស្ដេ្ររ៉ល
* បន្ថយហានិភ័យជំងឺទឹកនោមផ្អែម
* ជួយកាត់បន្ថយជំងឺមហារីកមួយចំនួន
* ជួយសួត
* ថ្លើម

គុណវិបត្ដិនៃការទទួលទានកាហ្វេ៖
* ឡើងសម្ពាធឈាម
* ចង្វាក់បេះដូងដើរញាប់ខុសប្រក្រតី
* ញ័រ ដៃ ធីងធោងក្នុងខ្លួន មាន អារម្មណ៍ ថា ឈឺ
* ភាពយឺតយ៉ាវនៃការរំលាយ អាហារជាដើម
* គេងមិនលក់

លោកវេជ្ជបណ្ឌិត ស៊ុយ សុវណ្ណារ៉ា បានថ្លែងបញ្ជាក់ថា ជាទូទៅ អាយុពី ១៨ឡើងទៅ អាចពិសាកាហ្វេបាន។ ប៉ុន្ដែ ចំពោះអ្នកកើតជំងឺបេះដូង និងស្ដ្រីមានផ្ទៃពោះ ឬបំបៅដោះកូន បើអាចចៀសបាន សូមកុំបរិភោគកាហ្វេ ព្រោះវាបណ្ដាលឱ្យឡើងសម្ពាធឈាម ចង្វាក់បេះដូងកើនឡើង (ញាប់), ហើយបើញុំា សូមក្នុងកម្រិតមួយទាបបានហើយ នឹងលាយជាមួយទឹកគោច្រើន កាហ្វេតិច៕