(ភ្នំពេញ)៖ ខេង សម្ផស្ស គឺជាតារាចម្រៀង Original Song មួយរូបស្ថិតក្នុងផលិតកម្ម Zone។ ត្បិតបច្ចុប្បន្ន គឺជាតារាចម្រៀង ប៉ុន្តែតារាស្រីរូបនេះហាក់មិនទាន់ពេញចិត្តនឹងសមិទ្ធផលសព្វថ្ងៃឡើយ ដោយនាងអះអាងថា មិនទាន់ដល់ចំណុចដែលខ្លួនចង់បាន ពោលគឺភាពល្បីល្បាញបន្ថែមពីនេះ។ អ្វីដែលមហាជនចាប់អារម្មណ៍ បន្ទាប់ពីការងារសិល្បៈរបស់នាង គឺថ្មីៗនេះនាងបានបើកកកាយពីជីវិតតស៊ូ ដើរលើកដៃសុំគ្រប់បណ្តាផលិតកម្ម ដើម្បីបានច្រៀង តែត្រូវបានគេបដិសេធ ខណៈរំឭកដល់រឿងរ៉ាវទាំងនេះ ទឹកភ្នែកនាងក៏បានហូរមកជោគពេញផែនថ្ពាល់ទាំងគូរបស់នាង។

តារាចម្រៀង ខេង សម្ផស្ស បង្ហាញអារម្មណ៍បែបនេះ គឺតាមរយៈការចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។ ឆ្លើយតបនឹងការសាកសួររបស់ពិធីករ-ពិធីការិនី កញ្ញា ខេង សម្ផស្ស បានឲ្យដឹងថា បច្ចុប្បន្ននាងជាតារាចម្រៀង Original Song មួយរូបនៅក្នុងផលិតកម្ម Zone ពោលគឺទើបតែត្រូវបានម្ចាស់ផលិតកម្ម ផ្តល់ឱកាសឲ្យចូលច្រៀងបានរយៈពេលពីរខែប៉ុណ្ណោះ។ គិតរហូតមកទល់នឹងពេលនេះ ស្នាដៃសំនៀងរបស់នាង គឺបានប្រមាណ៧បទហើយ ដោយទទួលបានការគាំទ្រច្រើនគួរសម ពីសំណាក់ទស្សនិកជន។

ម្ចាស់បទ «អូនល្ងង់» រូបនេះ បានបន្ថែមថា ទំរាំមានថ្ងៃនេះ គឺនាងបានតស៊ូ ឆ្លងការឧបសគ្គ និងទុក្ខលំបាកក្នុងជីវិតច្រើនរាប់មិនអស់ សុទ្ធសឹងតែរឿងឈឺចាប់ តែមិនបានន័យថា បច្ចុប្បន្ននាងគ្រប់គ្រាន់ ដើរដល់ចំណុចដែលនាងចង់បាននោះទេ ពោលគឺនាងនៅតែចង់ស្វែងរកការងារសិល្បៈធ្វើ ក៏ដូចជាអភិវឌ្ឍន៍ខ្លួនបន្ថែម ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ត្បិតមានម្តាយចាស់ជរាត្រូវមើលថែក្នុងបន្ទុក។

ស្រីស្រស់ ខេង សម្ផស្ស បាននិយាយថា «ជីវិតជាក្មេងស្រីកំព្រាឪពុក និងមានម្តាយចាស់ និងកម្សត់ក្នុងជីវិត ទំរាំដល់ថ្ងៃនេះតស៊ូច្រើនណាស់ ត្បិតថ្ងៃនេះ ជីវិតមិនទាន់ដល់ចំណុចជោគជ័យ តែមិនសុំអ្វីច្រើនទេ គឺចង់ក្លាយជាមនុស្សម្នាក់ទទួលបានការគាំទ្រច្រើន។ ទោះមិនមានភាពល្បីល្បាញខ្លាំង តែខ្ញុំស្រឡាញ់សិល្បៈ ខ្ញុំតស៊ូច្រើនមកហើយ..!»

ខេង សម្ផស្ស ប្រឹងបន្តទាំងទឹកភ្នែកថា «កាលនៅខេត្តដើរច្រៀងតាំងពីតម្លៃ ១៥,០០០រៀល ជីវិតឆ្លងកាត់ច្រើនដំណាក់កាល ឆ្លងកាត់តែម្នាក់ឯងគត់ ខ្ញុំឆ្លងកាត់ ខ្ញុំទៅសុំគេច្រៀង លើកដៃសុំគេនៅប៉ុស្តិ៍ទូរទស្សន៍ច្រៀង។ លើកដៃសុំគេច្រៀងកម្មវិធី «មន្តស្នេហ៍សំនៀង» គេក៏យល់ព្រម និងឡើងច្រៀងដំបូង។ ពេលនោះ...! គឺជាពេលដែលខ្ញុំឈឺចាប់ជាងគេ គឺពេលដែលខ្ញុំឡើងច្រៀង ក្នុងកម្មវិធីដំបូងគេបង្អស់ ខ្ញុំច្រៀងហើយ ប៉ារបស់ខ្ញុំបើកមើលខ្ញុំច្រៀង ខ្ញុំច្រៀងនៅតាមទូរទស្សន៍ គាត់ (ប៉ា) មើលខ្ញុំតាមទូរទស្សន៍...ពេលគាត់មើលខ្ញុំហើយ កម្មវិធីចប់អស់បានតែប៉ុន្មានថ្ងៃ គាត់ស្លាប់ចោលខ្ញុំបាត់..(យំ..!)។ នេះគឺជាទឹកចិត្តធំបំផុតសម្រាប់ខ្ញុំ ព្រោះគាត់ (ប៉ា) ចង់ឃើញខ្ញុំច្រៀង គាត់ចង់ឲ្យខ្ញុំក្លាយជាតារាចម្រៀង...តែខ្ញុំមិនទាន់បានដូចចិត្តគាត់ទេ... កូនធ្វើមិនទាន់បាន..!»

យ៉ាងណាមិញ ងាកមករឿងស្នេហាវិញ តារាស្រី ខេង សម្ផស្ស បានឲ្យដឹងថា បច្ចុប្បន្ននាងមានគូដណ្តឹងហើយ តែមិនទាន់គិតគូរឿងចូលរោងការនោះទេ។ នាងថា ទោះបីមានស្នេហា ស្រឡាញ់គ្នាយូរយ៉ាងណា ក៏មិនទាន់ចូលរោងការដែរ លុះត្រាតែជោគជ័យពីវិស័យសិល្បៈ ពោលគឺមិនជោគជ័យខ្លាំងទេ សុំត្រឹមឲ្យបងប្អូនទស្សនិកជនស្គាល់ឲ្យបានច្រើន គឺគ្រប់គ្រាន់ហើយសម្រាប់នាង៕