(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ អប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារ ទីលានកីឡា និងហេដ្ឋារចនាសម្ព័ន្ធជុំវិញ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ។

កីឡដ្ឋានបាល់ទាត់លក្ខណៈស្ដង់ដារនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលសាងសង់លើផ្ទៃដីជាង៤ហិកតា។ កីឡដ្ឋានខេត្តកំពង់ស្ពឺនេះ ជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីគម្រោងណាហ្គាវើលដ៍បេះដូងសប្បុរស ព្រមទាំងពីសំណាក់សប្បុរសជននានា។

កីឡដ្ឋាននេះមិនត្រឹមតែជាទីតាំងប្រកួតកីឡាបាល់ទាត់ សម្រាប់ខេត្តកំពង់ស្ពឺនោះទេ កីឡដ្ឋាននេះ ក៏នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលយុវជន ក្នុងខេត្តកំពង់ស្ពឺ ដែលស្រឡាញ់ នឹងមានទេពកោសល្យក្នុងវិស័យបាល់ទាត់ឲ្យក្លាយជា កីឡាករ កីឡាការីនី ដែលមានគុណភាព និងសមត្ថភាពខ្ពស់ដែលចេញពីខេត្តកំពង់ស្ពឺ។ កីឡដ្ឋានខេត្តកំពង់ស្ពឺ ជាកីឡដ្ឋានស្ដង់ដារអន្ដរជាតិ ដែលមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិបានផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា វិស័យកីឡាដ្ឋានខេត្តកំពង់ស្ពឺ ជាពិសេសកីឡាបាល់ទាត់នារីដ៏ឆ្នើម បានក្លាយទៅជាជម្រើសជាតិហើយ។ ចំពោះការកសាងកីឡដ្ឋាននេះ គឺជាកន្លែងពង្រឹងសមត្ថភាពហ្វឹកហាត់យុវជន ទៅតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (មនុស្សម្នាក់កីឡាមួយប្រភេទ) ហើយកសាងនេះទោះបីយូបន្តិចតែការកសាងត្រូវមានគុណភាព និងសោភ័ណភាពជាចាំបាច់។

លោកអភិបាលខេត្ត បានបន្ថែមថា ចំពោះគុណភាព និងសោភ័ណភាព បូកទាំងការកសាងកីឡដ្ឋានសំណង់រឹងមាំ យ៉ាងហោចណាស់ក្រុមការងារចំណាយពេលវេលា យ៉ាងតិច១៥ខែ ចាប់ពីថ្ងៃបុកគ្រឹះទៅ ឬរួចរាល់កំឡុងមុនចូលឆ្នាំ២០២២។ ការកសាងនេះដើម្បីសម្រេច បានឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម ហើយកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្លាយជាកន្លែងលេងកីឡាចម្រុះ ដែលបម្រើឲ្យសក្តានុពលនៃកីឡាតែម្តង។

លោក អ៊ុង រដ្ឋា តំណាងក្រុមការងារត្រួតពិនិត្យការសាងសង់កីឡដ្ឋាន ខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សាងសង់នេះគឺចង់បានកីឡដ្ឋានស្ដង់ដារមួយ ដែលអាចប្រកួតថ្នាក់តំបន់បាន ហើយការសាងសង់នេះ ជាផ្នែកមួយ នៃការអភិវឌ្ឍន៍វិស័យកីឡា ក្នុងខេត្តកំពង់ស្ពឺ ដោយផ្អែកលើគម្រោងជារួមដែលលោក ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ ក្នុងន័យចូលរួមអភិវឌ្ឍវិស័យកីឡាជាតិ ឆ្ពោះទៅកាន់ការ ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដូចជាការកសាងថ្នាលកីឡាករ ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងផ្ដល់ឱកាសឲ្យប្អូនៗ ដែលមានទេពកោសល្យ បានចូលរួមលេងកីឡា ព្រោះលោកមានមហិច្ឆតាចង់ឃើញប្អូនៗ កីឡាករជម្រើសជាតិ នាថ្ងៃអនាគត កាន់តែច្រើនឡើងមានប្រភពចេញពីខេត្តកំពង់ស្ពឺ។

បើតាមផែនការ នៃការសាងសង់កីឡដ្ឋានបាល់ទាត់នេះ ការសាងសង់នឹងបែងចែក ជា២ដំណាក់កាល ដែលដំណាក់កាលទី១ គឺជាការសាងសង់ ក្លោងទ្វារធំចំនួន២ របងជុំវិញ សួនកុមារ និងទីលានរត់ កន្លែងអង្គុយ VIP ៣,០០០កៅអី ទីលានបាល់ទាត់ ដែលបំពាក់ដោយភ្លើងបំភ្លឺទីលាន រួមជាមួយការរៀបចំបរិវេណជុំវិញ និងដំណាក់កាលទី២ ជាការសាងសង់ កន្លែងអ្នកទស្សនាកើនដល់ ៦,០០០នាក់។

កីឡដ្ឋាខេត្តកំពង់ស្ពឺ នេះនឹងប្រែក្លាយខេត្តកំពង់ស្ពឺ ដែលធ្លាប់តែជាខេត្តដែលប្រជាពលរដ្ឋធ្វើដំណើរទៅហួសមកហួស មកជាទីតាំងសក្ដានុពល ដែលលើកកម្ពស់មុខមាត់ និងកិត្យានុភាពខេត្តកំពង់ស្ពឺ ជាពិសេសវិស័យកីឡាបាល់ទាត់។ តាមការគ្រោងទុក កីឡដ្ឋានដ៏ធំស្កឹមស្កៃ ប្រកបដោយសោភ័ណភាពល្អប្រណិតនេះ នឹងត្រូវសាងសង់បញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២២៕