(ភ្នំពេញ)៖ សាលាអន្តរជាតិ SIS ល្បីល្បាញខាងបណ្តុះបណ្តាលជំនាញភាសាអង់គ្លេស បានធ្វើពិធីយ៉ាងឱឡារិកប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរជូនដល់សិស្សានុសិស្សចំណេះទូទៅខ្មែរ ជំនាន់ទី១៥ និងជំនាញភាសាអង់គ្លេសជំនាន់ទី៦៨-៧៣ ប្រចាំឆ្នាំសិក្សា២០១៩-២០២០ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះ អគ្គនាយិកាសាលា លោកស្រីបណ្ឌិត ងឿន ផល្លីន ពោធីតា បានបំផុសស្មារតីលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យផ្ចិតផ្ចង់ និងតាំងចិត្តនៅក្នុងការខិតខំសិក្សារៀនសូត្រ ធ្វើខ្លួនឲ្យក្លាយជាសិស្សល្អ កូនល្អ ដើម្បីក្លាយជាធនធានមនុស្សខ្លាំង ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា ឲ្យមានការរីកចម្រើនទៅមុខ។

លោកស្រីអគ្គនាយិកា បានថ្លែងទៅកាន់អង្គពិធីថា «សូមប្អូនៗកុំមានការអាក់អន់ចិត្តជាមួយនឹងនិទ្ទេស សូមប្អូនៗ គិតដល់ប្រយោជន៍ជាតិជារួម និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឲ្យជាប់ជាស្ថាពរដែលនេះ គឺជាការគិតគូរ និងយោគយល់ខ្ពស់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយល់អំពីទឹកចិត្ត និងការលំបាករបស់សិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេស។ សូមប្អូនៗ រីករាយ និងត្រេកអរចំពោះសមិទ្ធផលដែលខ្លួនទទួលបាន នៅពេលនេះ ប្អូនៗត្រូវចាំថា គ្មានភាពជោគជ័យណាងាយស្រួលនោះទេ អញ្ចឹងយើងត្រូវចេះស្រលាញ់ខ្លួនឯង លើកទឹកចិត្តខ្លួនឯង និងផ្ដល់ឱកាសឲ្យខ្លួនឯងជ្រើសរើស»

លោកស្រីអគ្គនាយិកា ក៏បានថ្លែងលើកទឹកចិត្តដល់សិស្សស្រីៗ ត្រូវខិតខំរៀនឲ្យខ្លាំងឡើង ព្រោះស្ត្រីភេទមិនមែនខ្សោយនោះទេ ពោលឲ្យតែមានការតាំងចិត្តខ្ពស់ នោះស្ត្រីភេទក៏អាចជោគជ័យបានដែរ ខណៈស្ត្រីគ្រាន់តែជាភេទមួយប៉ុណ្ណោះ ប៉ុន្តែរាល់ការតាំងចិត្តការអនុវត្តន៍ ការតស៊ូ ពុះពារគ្រប់ឧបសគ្គ ស្ត្រីក៏អាចធ្វើបានដូចបុរសដែរ។

ជាមួយគ្នានេះ លោក ញ៉ែម សុភារ៉ា នាយករង និងជាប្រធានផ្នែកចំណេះទូទៅខ្មែរ បានថ្លែងថា សាលារៀន SIS ពីមួយឆ្នាំទៅមួយឆ្នាំ បានចូលរួមនៅក្នុងការជួយអប់រំបណ្ដុះបណ្ដាលកូនខ្មែរ ឲ្យក្លាយទៅជាអ្នកមានចំណេះដឹង ចំណេះធ្វើ មានសម្បទារួមរស់សុខដុមក្នុងសង្គម និងអាចជាកម្លាំងចលករ ក្នុងការអភិវឌ្ឍសង្គមមនុស្សស្របតាមគោលដៅអប់រំជាតិ ក្នុងយុគ្គសម័យឌីជីថល។

លោកបន្តថា មកដល់នៅពេលនេះសិស្សដែលបានបញ្ចប់ការសិក្សា នៅសាលាអន្តរជាតិ អេស អាយ អេស (SIS) បានក្លាយទៅជាអ្នកជំនាញផ្សេងៗគ្នា ខ្លះជាវិស្វករ គ្រូពេទ្យ ខាងផ្នែកព័ត៌មានវិទ្យា សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ជាហូរហែ ខណៈដែលពួកគេនៅតែចងចាំថា មូលដ្ឋានគ្រឹះនៃចំណេះដឹងទូទៅ និងអ្វីដែលពួកគេមាន គឺទទួលបានពីសាលាអន្តរជាតិ SIS ដែលបានអប់រំកែប្រែ និងធ្វើឲ្យពួកគេអាចមានសមត្ថភាពចូលរៀនថ្នាក់ឧត្តមសិក្សា បានយល់ដឹងយ៉ាងឆាប់រហ័ស រួចចេញទៅបម្រើការងារនៅតាមបណ្ដាស្ថាប័ននានា ប្រកបដោយគុណភាព និងសមត្ថភាពពិតប្រាកដ។

ក្នុងឱកាសនោះ សិស្ស ឈ្មោះ រ៉ូ ច័ន្ទនីកា ជ័យលាភីតំណាងសិស្សថ្នាក់ទី១២ បានឡើងថ្លែងចំណាប់អារម្មណ៍អំពីការសម្រេចចិត្ត នៅក្នុងការជ្រើសរើសយក សាលាអន្តរជាតិ SIS ក្នុងការសិក្សារៀនសូត្រដោយសារតែសាលា គឺមានថ្នាលបណ្ដុះបណ្ដាលច្បាស់លាស់ មានកម្មវិធីសិក្សាល្អៗ មានគ្រូបង្រៀន ដែលមានសមត្ថភាពខ្ពស់ មានក្រមសីលធម៌ល្អ សាលាមានផាសុកភាព ពិសេសវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូ សុទ្ធសឹងតែពោរពេញទៅដោយ យុទ្ធសាស្ត្រនានា ធ្វើយ៉ាងណាដើម្បីបណ្ដុះបណ្ដាលក្មេងៗ ឲ្យក្លាយទៅជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងមានចំណេះដឹងសមត្ថភាពពិតប្រាកដ។

គួរជម្រាបជូនថា សាលាអន្តរជាតិ SIS ជាសាលារៀនល្បីល្បាញមួយនៅប្រទេសកម្ពុជា ដែលបានបើកដំណើរការរយៈពេល១៩ឆ្នាំ មកហើយ និងមាន២សាខា នៅក្នុងរាជធានីភ្នំពេញ ខណៈដែលសាលាទទួលបានការគាំទ្រពីសំណាក់សិស្សានុសិស្សរាប់ម៉ឺននាក់ និងមាតាបិតាសិស្សយ៉ាងច្រើនផងដែរ៕