(កំពង់ធំ)៖ ក្នុងពិធីអបអរសាទរប្រកួតកីឡាវាយសីមិត្តភាព នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងខេត្តកំពង់ធំ លោក ឃឹង នុភាព តំណាងរាស្ដ្រមណ្ឌលកំពង់ធំ បានលើកឡើងថា ការចូលរួមលេងកីឡា គឺដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព សុខភាពល្អ

លោកបន្ថែមថា ការប្រកួតកីឡានេះ គឺមានគោលបំណងចង់ឲ្យយុវជនជំនាន់ក្រោយខិតខំប្រឹងប្រែង លើកស្ទួយវិស័យកីឡាជាតិរបស់យើងឈានទៅពង្រឹង និងពង្រីកបានទាំងផ្នែកបរិមាណ និងគុណភាពប្រកបដោយថាមពល និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។

បើតាមលោក ឃឹង នុភាព ដោយឈរលើមូលដ្ឋាន នៃយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសិក្សាលើគ្រប់ទិដ្ឋភាពគ្រប់ជ្រុងជ្រោយ ក្នុងនោះបានកំណត់នូវរាល់បញ្ហាប្រឈមនានា បញ្ហាប្រឈមគន្លឹះ នៃការដោះស្រាយនេះ គឺជាបរិបទនៃការកែទម្រង់ ការងារគ្រប់គ្រងដោយធ្វើសនិទានកម្មគ្រប់សកម្មភាពអប់រំកាយ និងកីឡា។

លោកថាកត្តាទាំងនេះជាមធ្យោបាយអាទិភាព ក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងកសាងប្រសិទ្ធផលកីឡាករ កីឡាការិនី ឲ្យមានកម្រិតខ្ពស់ និងទេពកោសល្យច្បាស់លាស់ ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិ និងប្រជាជននៅលើឆាកអន្តរជាតិ ពិសេសនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតស៊ីហ្គេម ដែលបញ្ហាទាំងនេះបានរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអភិវឌ្ឍ និងការពារជាតិមាតុភូមិ។

ជាមួយគ្នានេះ ក្រុមកីឡាករ ដែលទទួលបានជ័យលាភី មានការសប្បាយចិត្តរីករាយ ហើយបានអំពាវនាវទៅដល់យុវជនទាំងអស់ ឲ្យចូលរួមលេងកីឡា ឲ្យស្របទៅនឹងការរៀបចំដាក់ពាក្យស្លោក អបអរសាទរយុទ្ធនាការចលនាប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីឲ្យប្រជាជនគ្រប់រូប ចូលរួមស្រឡាញ់ចូលចិត្ត គាំទ្រ និងលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានជីវភាពល្អប្រសើរ សាម្គីភាព ប្រកបដោយបរិយាបន្នសុខដុមរមនីយកម្មក្នុងសង្គម៕