(ភ្នំពេញ)៖ ការប្រកួតជើងឯកក្នុងសាល(Futsal) ថ្នាក់ជាតិ ឆ្នាំ២០២០ បានរកឃើញក្រុមជើងឯកហើយ គឺបានទៅក្រុមចំណូលថ្មី មហាហង្សអលស្ដា បន្ទាប់ពីយកឈ្នះក្រុមឪម៉ាល់អែហ្វស៊ី ដោយលទ្ធផល ៩-៤ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅទីលាន The Blue Sport Arena នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ជំនួបលើទីលានខ្នាតតូចនេះ វគ្គទី១ មហាហង្សអលស្ដាបាននាំមុខឪម៉ាល់ ៣-២។ ចូលវគ្គទី២ ការប្រកួតកាន់តែស្វិតស្វាញ ពិសេសក្រុមឪម៉ាល់ បានវាយបកតាមស្មើគូប្រកួត ៤-៤ មុនមហាហង្សអលស្ដា បញ្ចប់ឱកាសឪម៉ាល់ ជាមួយការរកបាន ៥គ្រាប់បន្ថែមទៀត ដើម្បីទទួលបានជ័យជម្នះ ៩-៤ និងក្លាយជាជើងឯកតែម្ដង។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីប្រគល់រង្វាន់ជយលាភីដល់ក្រុមជើងឯក គឺក្រុមមហាហង្សអលស្ដា ទទួលបានពាន អមជាមួយប្រាក់រង្វាន់ ២០លានរៀល ខណៈលេខ២ ក្រុមឪម៉ាល់ ទទួលបាន ១០លានរៀល។ ឯលេខ៣ បានទៅក្រុម Loading FC ទទួលបានប្រាក់រង្វាន់ ៦លានរៀល បន្ទាប់ពីប្រកួតឈ្នះក្រុម Tai Chi TF ១៣-១១ ហើយក្រុម Tai Chi ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៤លានរៀលផងដែរ៕