(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានទម្លាក់ក្រុមនារីភ្នំពេញក្រោន ដោយលទ្ធផល ៣-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកបាល់ទាត់លីគនារី ឆ្នាំ២០២០ នៅកីឡដ្ឋាន RSN ដើម្បីមានឱកាសឡើងទៅការពារតំណែងជើងឯករបស់ខ្លួនជាថ្មី។

ជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រនេះក្រុមជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ៣គ្រាប់មុន នៅវគ្គទី១ ដោយកីឡាការិនី ឈិត សាភឿន ២គ្រាប់ និង លឹម សុជា ១គ្រាប់។ បន្ទាប់មកភ្នំពេញក្រោន បានវាយបកជាខ្លាំង នៅវគ្គទី២ តែអាចបំបែករបាំងការពារក្រុមភ្ញៀវ ១គ្រាប់ប៉ុណ្ណោះ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ក្រោយចប់ការប្រកួតកញ្ញា ម៉ៅ សាវីន គ្រូបង្វឹកក្រុមនារីភ្នំពេញក្រោន បានសម្ដែងការសោកស្ដាយ តែមិនបានបន្ទោសកូនក្រុមនោះទេ ដ្បិតពួកគេ បានខិតខំប្រឹងប្រែង និងព្យាយាមអស់ពីលទ្ធភាពក្នុងការប្រកួតដ៏សំខាន់នេះ។ លើសពីនេះ កញ្ញាក៏បានកោតសរសើរក្រុមព្រះខ័នរាជស្វាយរៀង ដែលរៀបចំក្រុមបានយ៉ាងល្អ និងមានឆន្ទៈខ្ពស់ដែលនាំឲ្យពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតនេះ។

ក្រោយទម្លាក់ក្រុមឈរលេខរៀងទី២ សម្រាប់វគ្គសន្សំពិន្ទុខាងលើ ស្វាយរៀងនឹងត្រូវបន្ដដំណើរទៅជួបក្រុមកំពង់ស្ពឺ-ណាហ្គាវើលដ៏ នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៨ ខែកុម្ភៈខាងមុខ ដែលការប្រកួតនឹងធ្វើឡើងលើទឹកដីកណ្ដាលនាពហុកីឡដ្ឋានជាតិ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក។ រីឯក្រុមភ្នំពេញក្រោន គឺបានបញ្ចប់បេសកកម្ម ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ៕