(ភ្នំពេញ)៖ លោក វន វណ្ណៈ និងលោក ហម រ៉ន ដែលជាអគ្គនាយកទាំងពីររបស់ក្រុមហ៊ុនបុរី VIP មិនត្រឹមតែបានបរិច្ចាគប៉ុណ្ណោះទេ តែក៏បានធ្វើឲ្យទីតាំងមួយ ជាអតីតដំណាក់ស្ដេច ទទួលការចាប់អារម្មណ៍នៅក្នុងពេលនេះផងដែរ។ អ្នកទាំងពីរមិនត្រឹមតែរួមចំណែកបរិច្ចាគថវិកាជាច្រើន ជួយកសាងសមិទ្ធផលនៅក្នុងវត្តនោះប៉ុណ្ណោះទេ តែក៏ជាសប្បុរសជនគួរឲ្យសរសើរ ក្នុងថ្ងៃបញ្ចុះខណ្ឌសីម៉ា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនៅវត្តព្រះរាជាពន្លាជ័យ ហៅវត្តភ្នំពិស្ស៍ ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺនោះ។ ពលរដ្ឋ ប្រជាការពារ និង អ្នកទទួលអំណោយពីលោកទាំងពីរមិនតិចរយនាក់ទេ បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ជ្រះថ្លាមួយនេះ។

យោងតាមរបៀបវារៈ វត្តស្តេចព្រះពន្លាជ័យភ្នំពិស្ស៍ មានចម្ងាយ៧០គ.ម ពីទីរួមខេត្តកំពង់ស្ពឺ។ វត្តនេះ ជាអតីតដំណាក់ស្ដេច ដែលមានតែសាលាឆាន់ប៉ុណ្ណោះ ទើបសប្បុរសជននានារួមគ្នាកសាងជាវិហារ ដោយលោក វន វណ្ណៈ និង លោក ហម រ៉ន អគ្គនាយកក្រុមហ៊ុនបុរី VIP ក៏ជាសប្បុរសជនសំខាន់មួយ នៅក្នុងគម្រោងសាងសង់ជាព្រះវិហារនេះ។

លោក វន វណ្ណៈ ជាអគ្គនាយកក្រុមហ៊ុន បុរី VIP បានលើកឡើងថា ក្នុងនាមជាសប្បុរសជនមួយរូប និងជាអគ្គនាយកបុរីវីអាយភី (VIP) លោកមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធផលមួយចំនួន ជាពិសេសព្រះវិហារនៅក្នុងទីអារ៉ាមនេះ។ មិនមែនជាលើកទី១ទេ ដែលលោក និងលោក ហម រ៉ន ជាអគ្គនាយករបស់បុរី VIP បានធ្វើ ដោយពេលកន្លងមក ពួកលោកក៏បានចូលរួមចំណែកកសាងសមិទ្ធផល នៅក្នុងទីអារ៉ាមផ្សេងទៀត និងបរិច្ចាគជួយសង្គមរាប់មិនអស់ផងដែរ។

លោកថា ផលចំណេញដែលបានពីការបណ្ដាក់ទុនសាងសង់បុរី របស់ក្រុមហ៊ុនបុរី VIP តែងតែជួយជាប្រយោជន៍ណាមួយ ដើម្បីសង្គម ដែលនេះសុទ្ធតែជាលទ្ធផលដែលកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន។ ជាមួយនឹងការបានរួមចំណែក ក្នុងការកសាងសមិទ្ធផលនានា ដើម្បីលើកស្ទួយក្នុងវិស័យព្រះសាសនា ក្នុងនាមបុរី VIP ក៏នឹងបន្តជួយដល់វិស័យព្រះពុទ្ធសាសនាបែបនេះ ជាបន្តបន្ទាប់ទៀត និងជួយដល់ទុរគតជន ដើម្បីជាប្រយោជន៍ដល់សង្គមផងដែរ។

លោក វន វណ្ណៈ និង លោក ហម រ៉ម អគ្គនាយកបុរី VIP ក៏បានទទូចឲ្យពលរដ្ឋការពារពីកូវីត១៩នៅក្នុងពេលនេះ ដោយអនុវត្តិតាមវិធានការរបស់រដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីកុំឲ្យមានការរីករាលដាល នូវជម្ងឺកូវីត១៩។

នៅក្នុងពិធីបញ្ចុះខណ្ឌសីម៉ានោះ លោកបានបរិច្ចាគថវិកាជាច្រើន កសាងបន្ថែមលើសមិទ្ធផលក្នុងវត្ត ជូនសម្ភារៈ ថវិកា ប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ជូនសម្ភារៈសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាភ្នំពិស្ស៍ចំនួន ១១៣នាក់ ជួយដល់ប្រជាការពាជាច្រើននាក់ សរុបថវិកាដែលចូលបុណ្យបន្ថែម និងបរិច្ចាគជាសប្បុរសធម៌ អស់ខ្ទង់ម៉ឺនដុល្លារ។

នៅក្នុងពិធីនោះ ក៏មានវត្តមានលោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀតផងដែរ៕