(បរទេស)៖ កម្មវិធីឆាតជាសំឡេង Clubhouse ត្រូវបានគេរាយការណ៍មកថា ចំនួននៃការទាញយកកម្មវិធីនេះ មានការកើនឡើង ទ្វេដង នៅក្នុង រយៈពេល២សប្ដាហ៍ ដោយក្នុងនោះសហរដ្ឋអាមេរិក មានការទាញយកច្រើនជាងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

របាយការណ៍ដែលបង្ហាញដោយស្ថាប័ន Annie បានឱ្យដឹងថា ចន្លោះថ្ងៃទី០១ រហូតដល់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានការទាញយក កម្មវិធី Clubhouse ពី ៣.៥លាន រហូតដល់ ៨.១លាន ពោលគឺកើនឡើងលើសពីទ្វេដង ដោយក្នុងនោះនៅសហរដ្ឋអាមេរិកមានការទាញយក ២.៦ លាន។

តាមការសង្កេតដោយផ្ទាល់យើងឃើញថា ចំនួនអ្នកទាញយក និងការប្រើប្រាស់កម្មវិធី Clubhouse បានកើនឡើងខ្លាំង ក្រោយពេលដែល លោក Elon Musk បានលើកយកកម្មវិធីនេះមកពិភាក្សា ជាពិសេសចុងក្រោយនេះ លោកបានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឱ្យចូលរួមពិភាក្សាគ្នាជាមួយលោក ហើយអ្នកនាំពាក្យរបស់រុស្ស៊ីក៏បានបង្ហាញពីភ្លើងខៀវពាក់ព័ន្ធនឹងការអញ្ជើញនេះផងដែរ។

របាយការណ៍ថ្មីចុងក្រោយមួយបានបង្ហាញថា នៅពេលនេះ ក្រុមហ៊ុន Facebook បាននិងកំពុងតែបង្កើតកម្មវិធីថ្មីមួយដូចគ្នាទៅនឹង Clubhouse ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា Facebook អាចនឹងបង្កើតត្រឹមតែ Tool សម្រាប់ភ្ជាប់ជាមួយនឹង Facebook ឬ Instagram ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះដំបូងឡើយពេញនិយមសម្រាប់ប្រជាជនចិន ព្រោះថារដ្ឋាភិបាលចិនមិនអាចតាមដាននូវសកម្មវភាពផ្សេងៗ នៅក្នុងកម្មវិធីនេះបានឡើយ ខណៈដែលកម្មវិធីនេះ អាចលេង ឬប្រើបានលុះត្រាតែមានការអញ្ជើញឱ្យចូលរួមជជែកគ្នា ទៅអាចឆាតទៅវិញ ទៅមកបាន៕