(ភ្នំពេញ)៖ សិល្បករ-សិល្បការិនីល្បី និងក្រុមគ្រូពេទ្យសរុបប្រមាណជិត១០០នាក់ នឹងធ្វើការបរិច្ចាគឈាម នៅថ្ងៃទី២៣ ខែកុម្ភៈ ស្អែកនេះ ដើម្បីសម្តែងក្តីស្រឡាញ់ និងវប្បធម៌នៃការចែករំលែកទៅកាន់ជនខ្វះខាត។ ជាក់ស្តែងការបរិច្ចាគនេះទៀតសោត គឺត្រូវបានធ្វើឡើងដោយសារស្ម័គ្រចិត្ត ក្នុងន័យចូលជួយដល់អ្នកត្រូវការឈាមជាចាំបាច់ ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ និងជួយសង្គ្រោះជីវិតមនុស្ស»។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ទេ ដែលក្រុមសិល្បករបង្កើតកម្មវិធីសប្បុរសធម៌បរិច្ចាគឈាមបែបនេះ ខណៈកន្លងទៅគេតែងតែឃើញជារឿយៗមកហើយ ខណៈសកម្មភាពបែបនេះ ត្រូវបានលោក វេជ្ជបណ្ឌិត សុខ ចិត្ត ដែលជាបុគ្គលមួយរូបស្ម័គ្រចិត្តផ្តល់ឈាម ក្នុងចំណោម សិល្បករ-សិល្បការិនីល្បី និងក្រុមគ្រូពេទ្យសរុបប្រមាណជិត១០០នោះ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅមុននេះបន្តិច ពាក់ព័ន្ធនឹងគោលបំណងនៃការផ្តល់ឈាមនេះ។
លោកបាននិយាយថា «គោលបំណងសំខាន់ៗរបស់យើង គឺការផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសគឺអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ក្នុងករណីសង្គ្រោះបន្ទាន់ផ្សេងៗ»។
លោកសង្កត់ធ្ងន់ថា «ក្រៅពីគោលបំណងសំខាន់ខាងលើ កម្មភាពផ្តល់ឈាមនេះ ក៏ជាការបំផុសឲ្យកើតមានទម្លាប់នៃការបរិច្ចាគឈាមនេះ ព្រោះការបរិច្ចាគឈាមនេះមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះទេ ដូច្នេះយើងចាប់ផ្តើមមានឈាមស្តុកទុក ក្នុងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីងាយស្រួលក្នុងការយកឈាមទៅជួយសង្គ្រោះជីវិតមនុស្ស នៅតាមមន្ទីរពេទ្យផ្សេងៗដែលត្រូវការឈាមចាំបាច់»។
គួរជម្រាបថា កម្មវិធីផ្តល់ឈាមនេះផងដែរ គឺត្រូវបានរៀបចំឡើងដោយក្រុមវេជ្ជបណ្ឌិត បងប្អូនសិល្បករ-សិល្បការិនី និងសាលាអន្តរជាតិ ចុងអ៉ីង ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាប់និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ៕