(អាមេរិក)៖ បើទោះបីជាគោលការណ៍ថ្មីរបស់ WhatsApp ត្រូវបានអ្នកប្រើប្រាស់ជាច្រើនមិនពេញចិត្ត និងរហូតដល់មានខ្លះឈប់ប្រើ ក្ដី ក៏ ក្រុមហ៊ុនមួយនេះនៅតែបន្តអនុវត្តគោលការណ៍របស់ខ្លួន ដោយនៅពេលនេះ WhatsApp បានកំណត់នូវពេលវេលា និង ដាក់កំហិតដល់ អ្នក ប្រើ ប្រាស់គ្រប់គ្នាជាថ្មីម្ដងទៀត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា WhatsApp បានចំណាយពេល ជាច្រើនសប្ដាហ៍មកហើយ ក្នុងការពន្យល់ និងណែនាំអំពីគោលការណ៍ថ្មី ដើម្បីកែប្រែស្ថានការណ៍ឱ្យមករកភាពធូរស្បើយវិញ ប៉ុន្តែ មើលទៅ ហាក់ ដូចជាមិនទទួលបានផលល្អសោះ ដូច្នេះហើយទើបនៅពេលនេះ WhatsApp បានកំណត់ថា បើសិនជាអ្នកប្រើប្រាស់ណាមិន យល់ ព្រម ទទួលយកគោលការណ៍ថ្មីនេះទេ នោះនឹងមិនអាចអាន ឬផ្ញើសារបានទៀតឡើយ ដោយទុកពេលផុតកំណត់ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

សារព័ត៌មាន TechCrunch បានទាក់ទង WhatsApp ដើម្បីសុំការបញ្ជាក់បន្ថែម ដោយក្នុងនោះ WhatsApp និយាយថា សម្រាប់ អ្នក ប្រើប្រាស់ណា ដែលបានយល់ព្រមទទួលយកគោលការណ៍នេះ នឹងទទួលបានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ ដោយឡែកសម្រាប់អ្នក ប្រើប្រាស់ណាដែលមិនព្រមទទទួលយក នឹងត្រូវជួបបញ្ហា ដោយក្នុងនោះពួកគេអាចធ្វើការ Call និងទទួលការ Call បាន ប៉ុន្តែសម្រាប់ ការអានសារ ឬផ្ញើសារមិនអាចប្រើបានទេ។

ចំពោះគណនីដែលមិនព្រមទទួលយកគោលការណ៍ថ្មីនេះ WhatsApp នឹងមិនលុបចោលនោះទេ ពោលគឺរក្សាទុកនៅដដែល ហើយក៏មិន អនុញ្ញាតឱ្យបង្កើតគណនីថ្មីផងដែរ។

គួរបញ្ជាក់ផងដែរថា គោលការណ៍ថ្មីនេះគឺតម្រូវឱ្យអ្នកប្រើប្រាស់ WhatsApp ធ្វើការ Share ទិន្នន័យផ្ទាល់ខ្លួនជាមួយនឹង Facebook ដែល ជាបណ្ដាញសង្គមយក្ស ហើយក៏ជាមេធំរបស់ WhatsApp ផងដែរ ខណៈដែលគោលការណ៍ថ្មីនេះ ត្រូវបានអ្នកប្រើប្រាស់រិះគន់ថា បានរំលោភ លើសិទ្ធិឯកជនភាព៕