(ស្វីស)៖ បើយើងក្រឡេកមើលទៅទង់ជាតិរបស់សហព័ន្ធស្វីស យើងនឹងឃើញខ្វែងពណ៌ស ឬសញ្ញាបូក (+) នៅចំកណ្តាលទង់ជាតិរបស់ប្រទេសនៅអឺរ៉ុបមួយនេះ ដែលស្ថិតនៅលើផ្ទៃពណ៌ក្រហមយ៉ាងច្បាស់លាស់។ តើអ្នកដឹងទេ ហេតុអ្វីបានជាទង់ជាតិស្វីសប្រើសញ្ញាបូក (+) នៅលើផ្ទៃពណ៌ក្រហម បែបនេះទៅវិញ?

ចង់ដឹងច្បាស់ សូមអានអត្ថបទចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖

កាលណាគេចង់និយាយពីទង់ជាតិរបស់ប្រទេសស្វីស គេត្រូវងាកទៅអានប្រវត្តិសាស្ត្រ អំឡុងសតវត្សរ៍ទី១៤ វិញសិន។ ប្រភពដើមនៃទង់ជាតិពណ៌ក្រហម របស់ប្រទេសស្វីស កើតឡើងដំបូងនៅឆ្នាំ១៣៣៩ អំឡុងពេលសង្គ្រាមនៅសមរភូមិឡូផេន (Battle of Laupen) នៅឯជំរំទ័ពបឺន (Bern)។ កងទាហានរបស់ស្វីស បានសម្រេចចិត្តដាក់ខ្វែងពណ៌សនៅលើគ្រឿងសព្វាវុធរបស់ពួកគេ ដើម្បីសម្គាល់គ្នីគ្នាឯងនៅលើសមរភូមិ។ នៅទីបំផុត ខ្វែងពណ៌ស បានលេចឡើងនៅលើដៃ និងបដា ក៏ដូចជាគ្រឿងប្រដាប់អាវុធ របស់កងទាហានស្វីសទាំងអស់។

បន្ថែមលើនេះ អំឡុងពេល ហេលវើទិច ផើរៀដ (Helvetic Period,1798-1803) ព្រះចៅអធិរាជ ណាប៉ូឡេអុង បូណាប៉ាត (Napoleon Bonaparte) បានប្រកាសដាក់ឲ្យប្រទេសស្វីសប្រកាន់យកពណ៌ចំនួន៣ រួមមាន បៃតង ក្រហម និងលឿង។ នោះហើយជាទង់ជាតិស្វីសដំបូងបង្អស់។ ទោះជាយ៉ាងណាក៏ដោយ វាប្រើប្រាស់មិនបានយូរឡើយ។ នៅពេលដែលសាធារណរដ្ឋ ហេលវើទិច ត្រូវបានរំលាយចោល ពណ៌ទង់ជាតិស្វីសទាំង៣ ក៏ត្រូវលែងឲ្យប្រើដូចគ្នា។

ទង់ជាតិផ្លូវការនៃសហព័ន្ធស្វីស ដែលយើងស្គាល់រាល់ថ្ងៃនេះ កើតឡើងនៅឆ្នាំ១៨៤០។ មានការជជែកវែកញែកគ្នាជាច្រើន រវាងអ្នកប្រវត្តិសាស្ត្រអំពីជម្រើស នៃពណ៌ក្រហម។ អ្នកខ្លះជឿជាក់ថា វាជានិមិត្តរូបនៃព្រះលោហិតរបស់ព្រះគ្រីស្ទ រីឯអ្នកផ្សេងទៀតបានលើកឡើងថា ជំរើសនេះត្រូវបានបំផុសគំនិត ដោយពណ៌របស់ទង់ជាតិបេនណេសចាស់ (Bernese flag)។ នៅក្នុងឆ្នាំ១៨៤៨ វាត្រូវបានប្រើប្រាស់ជាផ្លូវការ ជាទង់ជាតិរបស់ប្រទេស និងត្រូវបានដាក់តម្កល់ នៅក្នុងធម្មនុញ្ញស្វីសផងដែរ។

តាមរយៈប្រវត្តិសាស្ត្ររបស់វា ទង់ជាតិរបស់ស្វីស តែងតែមានលក្ខណៈពិសេសមួយ ដែលប្លែកខុសពីទង់ជាតិរបស់ប្រទេសផ្សេងៗទៀត។ ទង់ជាតិស្វីស មានរាងជាការ៉េ មិនមែនរាងចតុកោណឡើយ។

បុរីវ៉ាទីកង់ (Vatican City) គឺជារដ្ឋឯករាជ្យផ្សេងទៀតតែមួយគត់ ដែលមានទង់ជាតិរាងជាការ៉េដូចស្វីសដែរ។ ស្រមោលពណ៌ក្រហម ទាក់ទងទៅនឹងប្រព័ន្ធម៉ាស៉ីនពណ៌ ឆ្នាំ៤៨៥ (Pantone 485C) ហើយវាគឺជាល្បាយលាយរវាងពណ៌ក្រហម និងលឿង។ ខ្វែងពណ៌ស ដែលយើងមើលឃើញជាសញ្ញាបូក ត្រូវដាក់នៅចំកណ្តាលទង់ជាតិ ខណៈដៃរបស់វាមានប្រវែងស្មើៗគ្នា៕

ទង់ជាតិស្វីសសព្វថ្ងៃ

សង្គ្រាមនៅសមរភូមិឡូផេន (Battle of Laupen)

ព្រះចៅអធិរាជ ណាប៉ូឡេអុង បូណាប៉ាត