(ក្រុងឡុងដ៍)៖ ចំនួនអ្នកគាំទ្រចាប់ពី ១០,០០០នាក់ឡើងទៅ នឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងទីលានផ្ទាល់ឡើងវិញចាប់ពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ តទៅ។

កន្លងមក អ្នកគាំទ្រកីឡានានាមានត្រឹមតែជាង ២០០០នាក់ប៉ុណ្ណោះត្រូវបានអនុញ្ញាតឲ្យទស្សនាផ្ទាល់ក្នុងទីលាននៃលីគកំពូលអង់គ្លេសចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ មក។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈនេះ។

ទន្ទឹមគ្នានោះដែរ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេសក៏បានប្រកាសដែរថា «វិធានការ ៤ចំណុចនៅតែបន្តធ្វើឡើងក្នុងការទប់ស្កាត់វិបត្តិ COVID-19 នៅក្រោយពេលបើកប្រទេសឡើងវិញ»

ព្រឹត្តិការណ៍កីឡាមួយចំនួនមានដូចជា បាល់ទាត់ វាយកូនហ្គោល និងតេន្នីសដែលលេងក្រៅសាល នឹងចាប់ផ្តើមប្រកួតឡើងវិញដូចធម្មតាចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅប្រទេសអង់គ្លេស គ្រាដែលក្លិបកម្សាន្ត ក្លឹបហាត់ប្រាណ និងកន្លែងហែលទឹកនានា នឹងត្រូវបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១២ ខែមេសា ក្រោយពេលប្រកាសបិទដូចគ្នានៅថ្ងៃទី០៤ ខែមករាដើមឆ្នាំនេះ៕