(ភ្នំពេញ)៖ ទោះបច្ចុប្បន្ននេះ កម្ពុជាកំពុងជួបនឹងវិបត្តិកូវីដ១៩ ជាសហគមក្តី ប៉ុន្តែសិល្បករ-សិល្បការិនី និងគ្រូពេទ្យមួយក្រុម បានរួមគ្នាបង្កើតកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សដោយជោគជ័យ ក្រោមការរក្សារគម្លាតសុវត្ថិភាព និងអនុវត្តន៍អនាម័យយ៉ាងត្រូវត្រូវ តាមគោលការណ៍ដែលក្រសួងសុខាភិបាលបានដាក់ចេញ។ តារាសម្ដែង នី មុន្នីនាថ បានអះអាងថា កូវីដ១៩ជាបញ្ហាដែលត្រូវការពារ តែអ្វីដែលចាំបាត់ក្នុងការជួយសង្រ្គោះជីវិតមនុស្ស គឺតាមរយៈការផ្តល់ឈាម។

កញ្ញា នី មុន្នីនាថ អះអាងបែបនេះ គឺក្រោយពេលដែលនាងបានដឹកនាំក្រុមសិល្បករ សិក្បការិនីធ្វើការបរិច្ចាគឈាមដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជាប់និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្សី) ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ និងជួយសង្គ្រោះជីវិតមនុស្ស»

តារាសម្ដែង នី មុន្នីនាថ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា «សម្រាប់កម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះ គឺមានការចូលរួមពីមិត្តសិល្បករចំនួនច្រើនគួរសម។តាមពិតបើសិនជាយើងអត់មានការផ្ទុះនូវជំងឺកូវីដទេ គឺប្រាកដជាមានការចូលរួមច្រើនជាងនេះទៀត ប៉ុន្តែដោយសារមានការផ្ទុះនូវជំងឺកូវីដជាសហគម ទើបយើងត្រូវតែអនុវត្តន៍តាមប្រសាសន៍របស់សម្តេចតេជោ និងក្រសួងសុខាភិបាល ហើយយើងត្រូវតែរក្សារគម្លាតនូវបុគ្គល មិនមានការប្រមូលផ្តុំមនុស្សច្រើន។ ដូច្នេះក៏យើងធ្វើការកាត់បន្ថយ ដោយនាងបានរៀបចំកៅអីគម្លាយ១ម៉ែត្រកន្លះ...ដូច្នេះជារឿងមួយចាំបាច់ដែរ ដែលយើងត្រូវតែរក្សារអនាម័យ ការពារជំងឺកូវីដ តែអ្វីដែលចាំបាច់ជួយសង្រ្គោះជីវិតមនុស្សគឺតាមរយៈការផ្តល់ឈាម។ ដូច្នេះនាងសម្រេចថា នឹងធ្វើនៅថ្ងៃ២៣នឹងតែម្តង ព្រោះដោយសារគម្រោងការធ្វើការបរិច្ចាគឈាមនេះ គឺពន្យារពេលដូចជាចូល៣ខែហើយ...»

តារាសម្តែងល្បីឈ្មោះដែលតែងតែលេចមុខក្នុងកិច្ចការងារជួយសង្គម នី មុន្នីនាថ បានបន្តថា «អ្វីដែលខ្ញុំធ្វើការបរិច្ចាគឈាមនេះឡើងក៏មានការជំរុញ និងសហការពីលោកគ្រូពេទ្យ សុខ ចិត្ត ខាងសាលារៀនអន្តរជាតិចុងអ៉ីង ហើយក៏មានការគាំទ្រពីប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់សកម្មភាពនេះ ហើយនេះជាការជំរុញទឹកចិត្តឲ្យមានសកម្មភាពនេះឡើង។ ខ្ញុំមានការសប្បាយចិត្តមែនទែនដែលបងប្អូនមិត្តសិល្បករមានការចូលរួមច្រើន និងក្រុមគ្រូពេទ្យ។ អ្វីដែលពិសសមិនត្រឹមតែមានការចូលរួមទេ គឺតារាទាំងអស់ចូលរួមបរិច្ចាគឈាមតែម្តង ហើយខ្ញុំសង្ឃឹមថាឆ្នាំក្រោយបងប្អូននឹងបានចូលរួមច្រើនកុះករជាងនេះ...»

គួរជម្រាបថា សកម្មភាពផ្តល់ឈាមនេះ ត្រូវបានមហាជនជាច្រើនគាំទ្រ និងលើកសរសើរនូវទឹកចិត្តជួយសង្គមរបស់ក្រុមសិល្បករ និងក្រុមគ្រូពេទ្យ ពោលគឺនេះជាសកម្មភាពមួយផ្តល់ក្តីស្រឡាញ់ និងការជួយសង្រ្គោះជីវិតមនុស្សជាចាំបាត់ ត្បិតកំពុងប្រឈមនឹងកូវីដ១៩ក្តី៕