(ឡុងដ៍)៖ តាមរបាយការណ៍មួយបានឲ្យដឹងថា ក្លិប Tottenham Hotspur អាចឈានដល់ការពិភាក្សាជាមួយលោក Julian Nagelsmann បច្ចុប្បន្នគ្រូបង្វឹក RB Liepzig ជាជម្រើសទី១ ក្នុងការមកជំនួយកៅអីលោក Jose Mourinho ដែលនៅសល់ ៤ប្រកួតចុងក្រោយ សម្រាប់កំណត់វាសនាការងារនៅទឹកដីអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Jose Mourinho បានដឹកនាំក្រុមមាន់ខ្នាយមាស Tottenham ឈរនៅឆ្ងាយពីតំបន់ Top 4 ធ្វើមិនបានល្អនោះទេ ដោយបរាជ័យ ៥លើក ក្នុងចំណោម ៦ប្រកួតចុងក្រោយនេះ ឈរនៅលេខរៀងទី៩ បណ្តោះអាសន្ន ដោយមានតែ ៣៦ពិន្ទុគិតត្រឹមជើងទី២នេះ។

បុរសសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ត្រូវបានកំណត់ថា នៅសល់តែ ១២ថ្ងៃទៀតប៉ុណ្ណោះគឺសំខាន់ណាស់សម្រាប់បង្កភាពអស្ចារ្យក្នុងចំណោម ៤ប្រកួតបន្ទាប់ខាងមុខនោះ ដោយត្រូវជួបក្រុម Wolfsberger ជើងទី២ ពានរង្វាន់ Europa League មុនបន្តជួប Burnley, Fulham និង Crystal Palace នៅលីគកំពូលអង់គ្លេស Premier league។

បច្ចុប្បន្នលោក Julian កំពុងតែដឹកក្រុមអាល្លឺម៉ង់ RB Leipzig ឈរលេខ២ ក្នុងតារាងពិន្ទុ Bundesliga លោកក៏ធ្លាប់ជាជម្រើសដែលអាចមកជំនួយកៅលោក Frank Lampard ដែលត្រូវបានក្លិបតោខៀវ Chelsea បញ្ចប់តំណែងកាលខែមុន តែវាត្រូវបានលុបចោលវិញដោយហេតុលោក Julain Negelsmann មិនបានត្រៀមខ្លួនចាកចេញពីលីគអាល្លឺម៉ង់សម្រាប់រដូវកាលនេះនៅទេ ហើយនេះក៏ជាពេលវេលាសម្រាប់លោក Mourinho ស្តារមុខមាត់ក្លិបឡើងវិញដែរ៕