(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្រេចផ្អាកការរៀបចំមហាសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ជាបណ្ដោះអាសន្ន ដើម្បីចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (Covid-19) ពិសេសព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា មហាសន្និបាតខាងលើ ដំបូងឡើយគ្រោងធ្វើនាថ្ងៃទី២៥ ខែកុម្ភៈចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកម្មវិធីប្រចាំឆ្នាំ ដើម្បីបង្ហាញនូវវឌ្ឍនភាពការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី ដោយឈរលើទិសដៅអភិវឌ្ឍវិស័យកីឡាជាតិដ៏មុតស្រួច លើវិថីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ប៉ុន្ដែដោយសារការផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ក៏សម្រេចផ្អាករៀបចំមហាសន្និបាតនេះជាបណ្ដោះអាស្ន រហូតដល់ពេលវេលាសមស្រប ទើបថ្នាក់ដឹកនាំកំណត់ពេលវេលារៀបចំឡើងវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលជំងឺដ៏កាចសាហាវនេះ។

គួរដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៩៣នាក់ ដោយអ្នកជាសះស្បើយមានចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ១១៦នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ ក្នុងនោះអ្នកឆ្លង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើង ៩៩ករណីផងដែរ៕