(បរទេស)៖ អភិបាលក្រុង New York លោក Andrew Cuomo បានប្រកាសថា រោងកុននៅក្នុងទីក្រុងមួយនេះ នឹងបើកដំណើរការឡើងវិញជាផ្លូវការនៅថ្ងៃទី០៥ ខែមីនាខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន NME នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ ដោយបញ្ជាក់ពីការអនុញ្ញាតឲ្យបើកដំណើរការរោងកុនឡើងវិញ ក្នុងចំនួនត្រឹមតែ២៥ភាគរយ នៃអ្នកចូលទស្សនាកន្លងទៅប៉ុណ្ណោះ ពោលគឺអ្នកចូលទស្សនាមិនឲ្យលើសពី៥០នាក់ឡើយ ក្នុងរោងកុននីមួយៗ និងមានការអនុវត្តន៍វិធានការសុខាភិបាលដូចជាពាក់ម៉ាស់ រក្សារគម្លាតសង្គមជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Deadline។

ទន្ទឹមគ្នានេះ សមាគមម្ចាស់រោងកុន ឬ «The National Association of Theatre Owners» ក៏បានសង្កត់ធ្ងន់ផងដែរថា វិធានការតឹងរ៉ឹង និងការថែរក្សារសុខភាពសុវត្ថិភាព គឺត្រូវតែប្រកាន់ខ្ជាប់ឲ្យបានត្រឹមត្រូវផងដែរ ចំពោះគ្រប់រោងកុនទាំងអស់នៅក្នុងប្រទេស ក្នុងន័យរួមគ្នាសហការ និងការទទួលខុសត្រូវផ្សេងៗ នៅចំពោះមុខវិបត្តិកូវីដ១៩។

គួរជម្រាបថា ទីក្រុង New York គឺជាទីផ្សារដ៏សំខាន់មួយចំពោះវិស័យភាពយន្តនៅសហរដ្ឋអាមេរិក ខណៈការដាក់ឲ្យដំណើរការរោងភាពយន្តឡើងវិញនេះ ប្រៀបបានជាផ្នែកមួយជួយឲ្យដង្ហើមនៃសិល្បៈភាពយន្តមានការរស់រានឡើងវិញផងដែរ ក្រោយពីវិស័យមួយនេះបានរងប៉ះពាល់យ៉ាងខ្លាំងដោយសារវិបតិ្តកូវីដ១៩៕