(រ៉ូម៉ានី)៖ កីឡាករខ្សែប្រយុទ្ធ Olivier Giroud ស៊ីហ្សូ ១គ្រាប់ចូលទីយ៉ាងស្អាតនៅនាទី៦៨ ជួយក្រុមតោខៀវ Chelsea យកឈ្នះ Atletico Madrid ១-០ ក្នុងជើងទី១ នៃវគ្គ ១៦ក្រុមនៃពានរង្វាន់អឺរ៉ុប UEFA Champions League នារាត្រីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅរ៉ូម៉ានី ដោយសារតែអេស្ប៉ាញដាក់បម្រាមភ្ញៀវទេសចរ ជាពិសេសមកពីអង់គ្លេសដោយសារភ័យខ្លាចនៃជំងឺ Covid-19 បំលែងថ្មី។

ក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការទូទៅ Thomas Tuchel ព្យាយាមស្វែងរកកៅអី ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ គិតចាប់តាំងពីរដូវកាលឆ្នាំ២០១៣-២០១៤ មកតាមរយៈរកបាន ១គ្រាប់នៅទឹកដីក្រៅផ្ទះ មុនពេលបញ្ចប់ជើងទី២ នាខែក្រោយនេះនៅទឹកដី Stamford Bridge។

លើសនេះពីទៀត គ្រូបង្វឹកសញ្ជាតិអាល្លឹម៉ង់ដែលធ្លាប់ដឹកនាំក្លិប Borussia Dortmund និង Paris Saint-Germain ផងនោះ ដឹកនាំក្រុមតោខៀវ Chelsea មិនទាន់ចាញ់ការប្រកួតណាមួយនៅឡើយទេ ក្រៅពីស្មើ ២ដង និងឈ្នះ ៦ដងគ្រប់កម្មវិធីប្រកួតទាំងអស់ គិតចាប់តាំងពីចូលកាន់តំណែងនាខែមករា ឆ្នាំ២០២១ មក៕