(ក្រុងរ៉ូម)៖ ក្រោយរង់ចាំអស់រយៈពេល ២១ឆ្នាំ ដើម្បីឆ្លងផុតនៃការប្រកួតក្នុងពូលរួចមក Lazio ទំនងជាបន្តការខកចិត្ត ដ្បិតចាញ់ Bayern Munich ដល់ទៅ ៤-១ ក្នុងទឹកដីសម្រាប់ជើងទី១ វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League នៅរាត្រីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

Lazio ដែលកំពុងធ្វើបានល្អនៅ Serie A របស់អ៉ីតាលីបានភ្លាត់ស្នៀតចាញ់ក្រុមការពារតំណែងជើង Bayern Munich ក្នុងដីនៃទីក្រុង Rome ដល់ទៅ ៤គ្រាប់ភ្លាមៗ នៅមុនពេលកីឡាករ Joaquin Correa រកបានតែ ១គ្រាប់ប៉ុណ្ណោះនៅនាទី៤៩។

នៅក្នុងការប្រកួតនោះដែរ Jamal Musiala ក៏រកបាន ១គ្រាប់ផងដែរ ដែលជាកីឡាករមានវ័យទើបតែ ១៧ឆ្នាំក្មេងជាងគេរបស់ Bayern លេងនៅព្រឹត្តិការណ៍ Champions League រដូវកាលនេះ នៅក្រោយពេល Robert Lewandowski រកបានគ្រាប់បើកឆាក ដែលជាគ្រាប់បាល់ទី៧២ នៅលីគអឺរ៉ុបនេះនាំមុខ Raul អតីតកីឡាករ Real Madrid ដើម្បីឡើងឈរនៅចំណាត់ថ្នាក់លេខ៣ ក្រៅពី Cristiano Ronaldo និង Lionel Messi ដែលឈរនៅកំពូលតារាងរកបានច្រើនគ្រាប់ជាងគេដល់បច្ចុប្បន្ននេះ។

អតីតម្ចាស់ជើងឯក UEFA Champions League ៦សម័យកាល Bayern Munich នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួល Lazio វិញម្តងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ខាងមុខសម្រាប់បញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ៕