(ភ្នំពេញ)៖ ខ្សែការពារមានបទពិសោធជោគជាំនៅអឺរ៉ុប និងធ្លាប់លេងក្របខណ្ឌ Europa League កីឡាករសញ្ជាតិអៀរឡង់ Paddy Barrett បានឈានដល់កិច្ចព្រមព្រៀងទ្វេភាគី ចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង នៃលីគកំពូលកម្ពុជាហើយ ក្រោយចំណាយពេលជាង ១ខែកន្លះ ជាមួយអតីតក្រុមជើងឯកលីគ ២សម័យនេះ។

ដំណឹងដ៏ភ្ជាក់ផ្អើលនេះ បន្ទាប់ពីខ្សែការពារវ័យ ២៧ឆ្នាំខាងលើបានប្រកាសលើបណ្ដាញសង្គម Instagram និង Twitter របស់ខ្លួន ជុំវិញការត្រៀមបង្ហាញខ្លួនជាមួយក្លិបថ្មី St Patrick's Athletic FC នៃលីគកំពូលអៀរឡង់ ដែលមានន័យថា គេបានចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀងទៅហើយ។ ទន្ទឹមជាមួយគ្នា Barrett ក៏បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានជាច្រើន អំពីការចាកចេញពីកម្ពុជាទៅកាន់ក្លិបថ្មីផងដែរ។

យ៉ាងណាមិញមកទល់ពេលនេះ គេពុំទាន់ឃើញក្លិបព្រះខ័នរាជស្វាយរៀង ប្រកាសព័ត៌មានផ្លូវការជុំវិញការចាកចេញរបស់កីឡាករ Paddy Barrett នោះទេ ស្របពេលរដូវកាលដោះដូរកីឡាករ គ្រោងបិទបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈចុងសប្ដាហ៍នេះ ខណៈការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងបើករដូវកាលថ្មីនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ សប្ដាហ៍ក្រោយ។

គួរដឹងថា Barrett បានផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី០៩-មករា។ មុនផ្ទេរមកប្រទេសកម្ពុជា គេធ្លាប់បានលេងឲ្យក្លិបធំៗជាច្រើន នៅលីគកំពូលប្រទេសស្កុតឡេន អៀរឡង់ និងក្លិបនៅក្របខណ្ឌ USL Championships របស់សហអាមេរិក ដូចជាក្លិប Dundee United, Waterford, Galway United, FC Cincinnati និងក្លិប Indy Eleven។ ចំពោះរយៈពេលជាង ១ខែកន្លះ ដែល Parrett មកកម្ពុជា គេក៏បានលេងពានមិត្តភាពចំនួន២ គឺពាន Siem Reap Charity Cup នៅសៀមរាប និងពាន Forward Pre-Season Cup នៅវិសាខា៕