(ភ្នំពេញ)៖ ក្រុមការងាររៀបចំយុទ្ធនាការ «Global Citizen» បានប្រកាសនាពេលថ្មីៗនេះថា ក្រុមចម្រៀង K-POP បុរស SuperM នឹងចូលរួមយុទ្ធនាការស្តារពិភពលោកពីជំងឺកូវីដ១៩ ដើម្បីលើកទឹកចិត្តនូវសកម្មភាពរៃអង្គាសប្រាក់ជួយដល់អ្នកខ្វះខាតជាដើម។ ប្រការនេះ បានធ្វើឲ្យ SuperM ក្លាយជាក្រុមចម្រៀង K-POP តែមួយគត់ដែលចូលរួមយុទ្ធនាការនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រៅពីតារា K-POP មួយនេះ គេសង្កេតឃើញថា មានតារាចម្រៀងល្បីៗលំដាប់ពិភពលោកជាច្រើនចូលរួម ដូចជា Billie Eilish, coldplay, Hugh Jackman, Miley Cyrus និង Usher គឺសុទ្ធតែចូលរួមក្នុងយុទ្ធនាការលុបបំបាត់កូវីដ១៩, លុបបំបាត់ការស្រេកឃ្លាន, ពង្រីកនិងគាំទ្រការអប់រំ, ការពារបរិស្ថាននិងប្រយុទ្ធដើម្បីសមធម៌សង្គមជាដើម។

សកម្មភាពនៃយុទ្ធនាការ «Global Citizen» នេះគឺមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះដូចជាប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen, ប្រធានាធិបតីបារាំងលោក Emmanuel Macron, អធិការបតីអាល្លីម៉ង់ លោកស្រី Angela Merkel ពោលគឺរដ្ឋាភិបាលប្រមាណ២១ប្រទេស រួមនឹងអង្គការសហប្រជាជាតិ គឺសុទ្ធតែបង្ហាញការគាំទ្រចំពោះយុទ្ធនាការមួយនេះ។

គួរជម្រាបថា កន្លងទៅក្រុមចម្រៀង SuperM របស់កូរ៉េខាងត្បូង គឺបានចូលរួមយុទ្ធនារជួយពិភពលោកជាច្រើនរួចមកហើយ ដូចជាព្រឹត្តិការណ៍ស្តីពីជំងឺផ្លូវចិត្តរបស់អង្គការសុខភាពពិភពលោកជាដើម៕