(ភ្នំពេញ)៖ ទីតាំងសំខាន់ៗបួន នឹងក្លាយជាតំបន់ដែលមានភាពទាក់ទាញជាងគេ ក្នុងការវិនិយោគផ្ទះទីពីរសម្រាប់សម្រាកលម្ហែកាយ ដែលកំពុងមានការពេញនិយមក្នុងចំណោមប្រជាជនមានជីវភាពធូរធារ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ថា ប៉ូលសំខាន់៤នោះរួមមាន ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តមណ្ឌលគិរី និងស្រុកវាលវែងនៃខេត្តពោធិ៍សាត់ នឹងក្លាយជាទីតាំងដ៏ពេញនិយមជាងគេសម្រាប់ការវិនិយោគផ្ទះសម្រាកលម្ហែកាយ ដោយសារទីតាំងទាំងនេះមានអំណោយផលអាកាសធាតុ និងសម្រស់ធម្មជាតិស្រស់ស្អាត។

លោកបន្តថា ជាក់ស្តែងខេត្តកំពតបានក្លាយជាទីតាំងនាំមុខគេមួយសម្រាប់ការអភិវឌ្ឍន៍គម្រោងបែបនេះ ហើយកំពុងក្លាយជាឧទាហរណ៍ គម្រូមួយសម្រាប់ទីតាំងសក្តានុពលផ្សេងទៀតខាងលើ៕