(ភ្នំពេញ)៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីកក់អ្នកដំណើរ តាមទូរស័ព្ទឈានមុខគេ នៅអាស៊ីអាគ្នេយ៍ បានណែនាំវិធានការសុវត្ថិភាពថ្មីមួយ ដើម្បីធានាឲ្យបានដឹងថា ដៃគូបើកបរ និងអ្នកដំណើររបស់ខ្លួនមានសុវត្ថិភាព អំឡុងពេលនៃការឆ្លងចូលទៅក្នុងសហគមន៍នៃជំងឺកូវីដ១៩ នាពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ ដែលបង្កឲ្យមាន «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មានករណីឆ្លងថ្មីចំនួនជាង ១០០ ករណីត្រូវបានរកឃើញ និងទីតាំងជាច្រើនត្រូវបាន ចាត់ទុកថាជាកន្លែងមានហានិភ័យខ្ពស់ រួមមានអាគារស្នាក់នៅ ខ្លឹបកំសាន្តរាត្រ្តី និងទីតាំងមួយចំនួនផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ។

ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ថ្មីៗនេះ ក្រុមហ៊ុន Grab បានបង្កើតមូលនិធិ GrabProtect Partner ដែលមានទឹកប្រាក់ចំនួន ២ម៉ឺន ៥ពាន់ដុល្លារ ដើម្បីលើកទឹកចិត្តដៃគូបើកបរ របស់Grab ក្នុងការស្វែងរកការធ្វើតេស្ដ ស្របតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដោយមិនចាំបាច់បារម្ភអំពីការបាត់បង់ ប្រាក់ចំណូល។

ក្នុងករណីដៃគូបើកបរដែលធ្វើតេស្ដរកឃើញថា មានផ្ទុកវិជ្ជមានជំងឺកូវីដ ១៩ ក្រុមហ៊ុន Grab និងចូលរួមផ្តល់ជូន ជាកញ្ចាប់ថវិការហូតដល់ទៅ១៥០ដុល្លារ ដើម្បីរក្សាប្រាក់ចំណូលរបស់ពួកគេ អំឡុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យឬ ធ្វើចត្តាឡីស័ក ក៏ដូចជាជួយពួកគេផ្គត់ផ្គង់ប្រាក់ចំណូល ដល់ក្រុមគ្រួសារផងដែរ។

ដើម្បីពង្រឹងវិធានការការពារបន្ថែមទៀត សម្រាប់ដៃគូបើកបរ ក្រុមហ៊ុន Grab បានឲ្យដឹងថា ខ្លួនបានធ្វើការ សហការយ៉ាងឆាប់រហ័ស ជាមួយស្ថានីយ៍ប្រេងឥន្ធនៈក្នុងស្រុកមួយ ដើម្បីធ្វើការចែកជូនសម្ភារៈ កញ្ចាប់អនាម័យជាង ១៥ ទីតាំងនៅក្នុងរាជធានីភ្នំពេញ មានដូចជាម៉ាស់ និងទឹកអាកុលជាដើម។

កញ្ចប់ការពារអនាម័យទាំងនេះ នឹងត្រូវចែកចាយដល់ដៃគូបើកបររបស់ Grab ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ហើយបន្ទប់ពីនេះ នឹងអាចស្វែងរកបាននៅការិយាល័យ របស់ក្រុមហ៊ុន Grab ។

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «នៅក្នុងពេលវេលាដ៏លំបាកនេះ ដោយសារការរក្សាគម្លាតសង្គម និងការធ្លាក់ចុះ នៃវត្តមានរបស់ភ្ញៀរទេសចរណ៍ បានប៉ះពាល់ដល់កំរឹតជីវភាពយ៉ាងខ្លាំង ទៅលើដៃគូអ្នកបើកបររបស់ Grab នេះគឺជាពេលវាលាដ៏សំខាន់ជាងពេល ណាទាំងអស់ ដើម្បីបង្ហាញការគាំទ្រដល់ពួកគេ ដែលពួកគេសាកសមនឹងទទួលបាន ក្នុងនាមជាអ្នកជួរមុខ»

លោកបានបន្ថែមទៀតថា «យើងបានធ្វើការលើកទឹកចិត្តដល់ដៃគូអ្នកបើកបររបស់ Grab ក្នុងការចូលរួមធ្វើតេស្ត ស្វែងរកវីរុស កូវីដ១៩ ក៏ដូចជាការរៀបចំ កញ្ចាប់ថវិការួចជាស្រេច សំរាប់ជួយគាំទ្រដល់ដៃគូអ្នកបើក ប្រសិនបើពួកគេត្រូវបានរកឃើញថា មានផ្ទុកវិជ្ជមានកូវី១៩ ដែលតម្រូវឲ្យសម្រាកព្យាបាល»

កាលពីឆ្នាំមុន ក្រុមហ៊ុន Grab កម្ពុជាបានដាក់ដំណើរការយុទ្ធនាការ GrabProtect ដែលជាគោលការណ៍ ពង្រឹងសុវត្ថិភាព និងអនាម័យ ក្នុងគោលដៅកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងកម្មវិធី កក់ដំណើររបស់ខ្លួន។

ជាមួយនិងកម្មវិធី GrabProtect ដៃគូអ្នកបើកបរតម្រូវឲ្យធ្វើការបញ្ចាក់សុខភាពថាមិនមានរោគសញ្ញាកូវីដ ១៩ ណាមួយ App ដើម្បីអនុវត្តឲ្យបាននូវវិធានការសុវត្ថិភាព និងអនាម័យ ក៏ដូចជាបញ្ចាក់ថាពួកគេ មិនបានមានទំនាក់ទំនងណាមួយ ជាមួយអ្នកជំងឺកូវីដ ១៩ ក្នុងអំឡុងពេល ១៤ ថ្ងៃ មុនពេលពួកគេចាប់ផ្ដើម ប្រើប្រាស់កម្មវិធី Grab Driver App ដើម្បីកក់អ្នកដំណើររបស់ខ្លួនប្រចាំថ្ងៃ។

ក្រុមហ៊ុន Grab ក៏ធ្វើផ្តល់នូវការប្រើប្រាស់មធ្យោបាយទូទាត់សាច់ប្រាក់អេឡិចត្រូនិច ដើម្បីចូលរួមកាត់ បន្ថយការប៉ះពាល់ផ្ទាល់រវាងដៃគូអ្នកបើកបរ និង អ្នកដំណើរ ក្នុងគោលបំនងរក្សាកំលាតសុវត្ថិភាពផងដែរ៕