(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ឡារីតា បានពង្រឹងនូវវិធានការការពារកាន់តែខ្លាំង និងម៉ត់ចត់បំផុត ដើម្បីការពារសុវត្ថិភាពដល់បុគ្គលិក ដែលកំពុងបំរើការរួមទាំងអ្នកបើកបរ និងអ្នកដំណើរទាំងអស់របស់ខ្លួន ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនឡារីតា បានដាក់ឱ្យដំណើរការនូវកម្មវិធីស្កេន QR Code ទប់ស្កាត់មេរោគកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅគ្រប់សាខារបស់ឡារីតាទាំងអស់ (ភ្នំពេញ, សៀមរាប, ព្រះសីហនុ, កំពត) ដែលតម្រូវឱ្យបុគ្គលិក និងអ្នកដំណើរទាំងអស់ត្រូវស្កេន QR Code រាល់ពេលចូលមកដល់ទីតាំងរបស់សាខាក្រុមហ៊ុននីមួយៗ ។ ប្រព័ន្ធ QR Code ដែលក្រសួងសុខាភិបាល បានដាក់ឱ្យដំណើរការនេះ ផ្តល់ភាពងាយស្រួលក្នុងការស្វែងរក និងផ្តល់ព័ត៌មានរហ័ស ក្នុងការកំណត់អត្តសញ្ញាណបុគ្គល ដែលមានការសង្ស័យថាធ្លាប់បានចេញ ចូលទីតាំងពាក់ព័ន្ធជាមួយនឹងអ្នកជម្ងឺកូវីដ១៩ ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា ក៏បានបន្តអនុវត្តនូវវិធានការការពារជាច្រើន ដើម្បីផ្ដល់នូវទំនុកចិត្តដល់អ្នកដំណើររបស់ខ្លួន ។វិធានការទាំងនេះ រួមមាន៖

*តម្រូវឱ្យអ្នកដំណើរទាំងអស់ពាក់ម៉ាស់ រាល់ពេលចូលក្នុងបរិវេណក្រុមហ៊ុន និងអំឡុងពេលនៃការធ្វើដំណើរ
*វាស់កំដៅអ្នកដំណើរ និងប្រើទឹកអាកុលសំរាប់លាងដៃមុននឹងអនុញ្ញាតឱ្យឡើងរថយន្ត
*មានបំពាក់ទូរបាញ់ថ្នាំសម្លាប់មេរោគ នៅគ្រប់សាខារបស់ក្រុមហ៊ុន
*ធ្វើអនាម័យជាប្រចាំ ជាពិសេសបន្ទប់ទឹកត្រូវតែស្អាតជានិច្ច និងធ្វើការបាញ់អាកុលសម្លាប់មេរោគជាប្រចាំ
*ពេលចតនៅសាខានីមួយៗរថយន្តបើកចំហរទ្វារ ឱ្យមានខ្យល់បរិយាកាសចេញ ចូលបានល្អ និងធ្វើការជូតសំអាត បាញ់អាកុលសម្លាប់មេរោគតាមកន្លែងអង្គុយ ភ្នាក់ដៃ ដៃទ្វារ និងកន្លែងប៉ះពាល់ញឹកញាប់ មុនពេលចេញដំណើរ
*ធ្វើការបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំក្នុងបរិវេណចំណតរថយន្ត ក៏ដូចជាក្នុងរថយន្តនីមួយៗ
*កៅអីអង្គុយរង់ចាំ ទុកចន្លោះគម្លាតពីគ្នា
*ត្រួតពិនិត្យសុខភាពបុគ្គលិកផ្នែកសេវាកម្ម និងអ្នកបើកបរជាប្រចាំ និងតម្រូវឱ្យពាក់ម៉ាស់ក្នុងពេលបំពេញការងារ។
*ចូលរួមផ្សព្វផ្សាយដល់អ្នកដំណើរទាំងអស់ ឱ្យប្រកាន់យកនូវវិធានអនាម័យស្អាតជានិច្ច ដើម្បីការពារការឆ្លងរាលដាលនៃមេរោគកូវីដ១៩។

ក្រុមហ៊ុន ឡារីតា ជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដំបូងគេនៅកម្ពុជា ដែលបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារទាំងឡាយតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ជានិច្ច៕