(ពិភពលោក)៖ ប្រទេសនានានៅលើពិភពលោកសុទ្ធតែមាននិម្មិតសញ្ញាតំណាងជាតិរៀងៗខ្លួន ដូចជា ព្រះរាជវាំង សំណង់បុរាណ អគារសម័យទំនើប ឬរូបចម្លាក់ផ្សេងៗ ក្រៅពីនេះ ព្រៃ ភ្នំ ធនធានធម្មជាតិសំខាន់ៗជាច្រើនទៀត ក៏ធ្វើឱ្យគេចំណាំថាជាតំណាងឱ្យប្រទេសណាមួយផងដែរ។

ខាងក្រោមជារូបតំណាងប្រទេសចំនួន ១០ នៅលើពិភពលោក៖

១៖ ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា
ប្រាសាទអង្គរវត្ត (Angkor Wat) កសាងឡើងដំបូងនៅដើមសតវត្សរ៍ទី១២ ក្រោមស្នាព្រះហស្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ព្រះអង្គបានប្រទាននាមដល់មហាប្រាសាទនេះថា «ព្រះបរមវិស្ណុលោក» ដែលមានន័យថា ឋានព្រះវិស្ណុដ៏ប្រសើរឧត្តម។

បច្ចុប្បន្ន ប្រាសាទអង្គរវត្តបានក្លាយជាអត្តសញ្ញាណជាតិខ្មែរដ៏សំខាន់។ តាមរយៈការផ្សព្វផ្សាយវិស័យទេសចរណ៍ ប្រាសាទអង្គរវត្ត គឺជារូបភាពតំណាងដ៏ពេញនិយមសម្រាប់ទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។

២៖ កង្ហារផលិតអគ្គិសនី ប្រទេសនែតដឺរលែន
កង្ហារយក្សផលិតអគ្គិសនី ឬហៅថា Windmill គឺជាឧបករណ៍ប្រើប្រាស់ដ៏ពេញនិយមមួយនាមជ្ឈិមសម័យ និងដើមសម័យទំនើប។ កង្ហារបុរាណប្រភេទនេះត្រូវបានផលិតឡើងដំបូងនៅប្រទេសអ៉ីរ៉ង់ នាសតវត្សរ៍ទី៩ និងទទួលបានការប្រើប្រាស់យ៉ាងពេញនិយមនៅតំបន់អឺរ៉ុបភាគពាយព្យ នាសតវត្សរ៍ទី១២។

កង្ហារយក្សនេះបានក្លាយជាអត្តសញ្ញាណដ៏សំខាន់មួយនៃវប្បធម៌របស់ជនជាតិហូឡង់ ឬជនជាតិដាត្ឆ (Dutch) ដែលបច្ចុប្បន្នប្ដូរឈ្មោះមកជាប្រទេសនែតដឺរលែន។ កង្ហារយក្សផលិតអគ្គិសនី Windmill មាននៅសេសសល់ពាសពេញប្រទេសនែតដឺរលែនដល់ទៅប្រមាណ ១,០០០ គ្រឿងឯណោះ។

៣៖ ភ្នំហ្វ៊ូជី ប្រទេសជប៉ុន
ភ្នំហ្វ៊ូជី ឬ Fuji Yama ជាភ្នំភ្លើងអកម្មមួយស្ថិតនៅលើកោះហុងស៊ូ ចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីទីក្រុងតូក្យូ។ វាមានកម្ពស់ ៣,៧៧៦ ម៉ែត្រ ខណៈរណ្ដៅភ្នំភ្លើងរបស់វាមានអង្កត់ផ្ចិតប្រមាណ ៦០៩ ម៉ែត្រ។ វាបានកើតឡើងតាំងពី ៨,០០០ ទៅ ១១,០០០ ឆ្នាំមុន ដោយបច្ចុប្បន្នវាលែងមានសកម្មភាពផ្ទុះទៀតហើយ។

ភ្នំភ្លើងដ៏ល្បីល្បាញនេះជាអត្តសញ្ញាណដ៏ងាយចំណាំមួយរបស់ជនជាតិជប៉ុន។ ប្រជាជនជប៉ុនភាគច្រើនសុទ្ធតែបានទៅទស្សនាកម្សាន្តនៅលើភ្នំនេះ យ៉ាងហោចណាស់បានម្ដងក្នុងមួយជីវិតរបស់ពួកគេ ដើម្បីសុំពរពីវត្ថុស័ក្ដិសិទ្ធិទាំងឡាយដែលស្ថិតនៅលើភ្នំហ្វ៊ូជី។

៤៖ ចេតិយព្រះធាតុហ្លួង ប្រទេសឡាវ
ចេតិយប្រាថាតលួង (Pra That Laung) ឬហៅតាមខេមរភាសាថា ព្រះធាតុហ្លួង គឺជាចេតិយព្រះពុទ្ធសាសនាដ៏ធំមួយនៅកណ្តាលក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ប្រាថាតលួងបានរងការបំផ្លិចបំផ្លាញ និងការស្ថាបនាឡើងវិញជាច្រើនលើក ដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម ខណៈការកសាងចុងក្រោយបង្អស់បានធ្វើឡើងនៅទសវត្សរ៍ឆ្នាំ១៩៣០។ មហាចេតិយពណ៌មាសនេះត្រូវបានចាត់ទុកជាវិមានជាតិ និងជានិម្មិតរូបដ៏សំខាន់បំផុតសម្រាប់ប្រទេសឡាវផងដែរ។

៥៖ រូបចម្លាក់សិង្ហមច្ឆា ប្រទេសសិង្ហបុរី
សិង្ហមច្ឆា ឬ Merlion គឺជារូបចម្លាក់សត្វតោ (សិង្ហ ឬសីហៈ) ដែលមានខ្លួន និងកន្ទុយជាត្រី (មច្ឆា)។ គេប្រើប្រាស់រូបភាពសិង្ហមច្ឆានេះ សម្រាប់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅប្រទេសសិង្ហបុរី ជាហេតុធ្វើឱ្យភ្ញៀវទេសចរនៅលើពិភពលោកស្គាល់ប្រទេសសិង្ហបុរីតាមរយៈរូប Merlion នេះឯង។

៦៖ បាហ្កាន ប្រទេសមីយ៉ាន់ម៉ា
រូបបាឡុងហោះព្រោងព្រាតអណ្តែតនៅលើផ្ទៃអាកាស ពីលើកំពូលចេតិយនៅបាហ្កាន (Bagan) នោះហើយជារូបភាពដែលមនុស្សម្នានៅលើពិភពលោកស្គាល់ថាជាប្រទេសមីយ៉ាន់ម៉ា។ បាហ្កាន គឺជាអាណាចក្រដំបូងបង្អស់របស់ជនជាតិភូមា ដែលបានចាប់បង្កើតឡើងចាប់ពីសតវត្សរ៍ទី ៩-១៣ ខណៈនៅក្នុងអតីតរាជធានីភូមាមួយនេះ គឺពោរពេញទៅដោយចេតិយដ៏ច្រើនសន្ធឹកសន្ធាប់។

៧៖ សម្លៀកបំពាក់ជេសុន ប្រទេសកូរ៉េ
គេស្គាល់ប្រទេសកូរ៉េងាយជាងគេ តាមរយៈសម្លៀកបំពាក់ប្រពៃណីសម័យជេសុន (Jeseon)។ សម្រាប់បុរស ពាក់អាវបត់ស្រុងវែងទៅក្រោម សក់បួងគួចឡេីងលើ ថ្ងាសជួតក្រណាត់ខ្មៅរុំជុំវិញក្បាល ពាក់មួកឆាងប្រហោងតូចៗ ចំណែកសម្រាប់នារីវិញ ពាក់អាវបត់ស្រោបក្នុងសំពត់ពោងធំ សក់រាបសិតញែកកណ្ដាលក្រងចូលគ្នាទម្លាក់ទៅខាងក្រោយ។ សម័យកាលជេសុននេះ ជាសម័យកាលដ៏រុងរឿងជាងគេ និងមានរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រកូរ៉េ ដោយបានចាប់ផ្ដើមពីគ្រិស្ដសករាជ ១៣៩២-១៩១០។

៨៖ រូបចម្លាក់ព្រះយេស៊ូ ប្រទេសប្រេស៉ីល
គេស្គាល់ប្រទេសប្រេស៉ីលពីចម្ងាយ តាមរយៈព្រះបដិមា Christ the Redeemer នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៉ីល ឬហៅតាមភាសាឡាតាំងថា គ្រីស្តូរ៉េដិនទ័រ (Christo Redentor)។ មហាបដិមានេះត្រូវបានកសាងឡើងនៅលើកំពូលភ្នំខូខូវ៉ាដូ (Corcovado) ស្ថិតក្នុងឧទ្យានជាតិទីជូខា ដែលមានរយៈកម្ពស់ពីនីវ៉ូទឹកសមុទ្រដល់ទៅ ៧០៩ ម៉ែត្រ។

៩៖ វិមានក្រឹមឡាំង ប្រទេសរុស្ស៉ី
វិមានក្រឹមឡាំង (Kremlin) គឺជាទីស្ដីការគណៈរដ្ឋមន្ត្រីរបស់សហព័ន្ធរុស្ស៉ី ដែលមានសោភ័ណភាពដ៏ស្រស់ឆើតឆាយជាងគេនៅលើពិភពលោក។ វិមាននេះធ្លាប់ជាព្រះបរមរាជវាំងរបស់ព្រះមហាក្សត្ររុស្ស៉ី ដែលត្រូវបានសាងសង់ឡើងនៅរវាងគ្រិស្ដសករាជ ១៨៣៧-១៨៤៩ ក្នុងរជ្ជកាលព្រះចៅនីកូឡាសទី១ (Tsar Nicholas I)។

ក្រោយពេលប្រទេសរុស្ស៉ីកើតមានបដិវត្តន៍ប្ដូរប្រព័ន្ធគ្រប់គ្រងពីរបបរាជានិយមមកជារបបកុម្មុយនីស្ដវិញនោះ ក្រុមបដិវត្តន៍ក៏បានកាន់កាប់ និងប្ដូរព្រះរាជវាំងនេះទៅជាទីស្ដីការគណៈរដ្ឋមន្ត្រីរបស់សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត (ក្រោយមកក៏ប្ដូរមកជាសហព័ន្ធរុស្ស៉ី) ដែលគេហៅថា មហាវិមានក្រឹមឡាំង (Grand Kremlin Palace)។

១០៖ ប្រាសាទបូរ៉ូប៊ូឌូ ប្រទេសឥណ្ឌូណេស៉ី
ប្រាសាទបូរ៉ូប៊ូឌូ (Borobudur) ជាពុទ្ធសាសនដ្ឋានដ៏ធំជាងគេមួយនៅលើពិភពលោក ស្ថិតនៅកោះជ្វាកណ្ដាល នៃប្រទេសឥណ្ឌូណេស៉ី។ ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ៨-៩ លាតសន្ធឹងលើផ្ទៃដីទំហំ ២,៥២០ ម៉ែត្រក្រឡា មានរាងដូចពីរ៉ាមីតកម្ពស់ ៨ ជាន់ និងមានព្រះពុទ្ធបដិមាចំនួន ៥០៤ អង្គ ដែលត្រូវបានគេដាក់តម្កល់នៅក្នុងចេតិយនីមួយៗ៕