(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថាជាផ្លូវការថា នៅក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ខ្លួនបានទិញក្រុមហ៊ុនតូចធំចំនួន ១០០ក្រុមហ៊ុន ដោយក្នុងនោះភាគច្រើនជាងក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនដែលមានទេពកោសល ឬក្រុមហ៊ុន Start Up។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានថ្លែងទៅកាន់ ម្ចាស់ភាគហ៊ុនថា មានក្រុមហ៊ុនចំនួន ១០០ ត្រូវបានទិញនៅ ក្នុង អំឡុង ពេល ៦ឆ្នាំចុងក្រោយ ដែលក្រុមហ៊ុនទាំងនោះបានជួយដល់ ក្រុមហ៊ុន Apple ឱ្យរីកចម្រើនរហូតមក ប៉ុន្តែមិនបានបញ្ជាក់ថា ក្រុមហ៊ុនទាំង ១០០នោះ មានឈ្មោះអ្វីខ្លះ ហើយចំណាយថវិកាប៉ុន្មាននោះទេ។

បើយោងតាមរបាយការណ៍ Apple បានចំណាយលុយខ្ពស់បំផុតរហូតដល់ ៣ពាន់លានដុល្លារអាមេរិក ដើម្បីទិញក្រុមហ៊ុន បច្ចេកវិទ្យាតន្ត្រី Beats Electronics ដែលជាក្រុមហ៊ុនផលិតកាសត្រចៀក បង្កើតឡើងដោយកំពូលតារាចម្រៀងរ៉េប Dr Dre ។ Apple ក៏បានចំណាយ ៤០០លានដុល្លារផងដែរ ក្នុងការទិញយកក្រុមហ៊ុនតន្ត្រី Shazam កាលពីឆ្នាំ២០១៨។

យោងតាមការឱ្យដឹងពីក្រុមអ្នកឃ្លាំងមើលគឺ Apple តែងតែទិញក្រុមហ៊ុនតូចៗទាំងឡាយណាដែល បង្កើតនូវបច្ចេកវិទ្យា ឬសេវាកម្មអ្វីដែល ថ្មី នឹងមានអត្ថប្រយោជន៍ ក្នុងគោលដៅយកមករួមបញ្ជូលគ្នាជាមួយបច្ចេកវិទ្យា Apple ឬទុកវាប្រើប្រាស់ដោយឡែក ។

គួរបញ្ជាក់ផងដែរថា លោក Tim Cook គឺជាមនុស្សជំនិតតែម្នាក់គត់របស់លោក Steve Jobs ដែលជាកំពូលបិតាស្ថាបនិក Apple ខណៈដែល លោក Jobs ធ្លាប់បាននិយាយថា Apple ព្យាយាមទិញកូនក្រុមហ៊ុនតូចៗឱ្យបានយ៉ាងតិចចំ នួន ១០ក្នុងមួយឆ្នាំ៕