(ឡុងដ៍)៖ ក្លិបដែលមានរហស្សនាម ស្ករគ្រាប់ Everton មានគម្រោងចំណាយទឹកប្រាក់ប្រមាណ ៥០០លានផោន ស្មើនឹង ៧០០លានដុល្លារជាង សម្រាប់កសាងកីឡដ្ឋានថ្មីមួយដែលមានឈ្មោះថា Bramley Moore Dock ស្ថិតក្នុងតំបន់បេតិកភណ្ឌអង់គ្លេស ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៥២,៨៨៨នាក់ ជាចំនួនច្រើនជាងទីលានចាស់មានត្រឹម ៣៩,៥៧២កៅអីប៉ុណ្ណោះ។

ប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៤ ខែកុម្ពៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្លិបដែលស្ថិតក្នុងលីគកំពូលអង់គ្លេស Premier League បច្ចុប្បន្ន ត្រូវបានគណៈសមាជិកក្រុមប្រឹក្សាក្រុងសម្រេចអនុម័តឲ្យដំណើរការសងសង់កីឡដ្ឋានថ្មី (Bramley Moore Dock) ដែលរំពឹងថា នឹងអាចរៀបចំការប្រកួតបាននៅឆ្នាំ២០២៤ ជាទីតាំងស្រស់ស្អាតមួយជាប់មាត់សមុទ្រនាទីក្រុង Liverpool ចក្រពភអង់គ្លេស។

គិតត្រឹមពេលនេះមានរយៈពេល ២៥ឆ្នាំហើយសម្រាប់ Everton ដែលបានលេងក្នុងទីលាន Goodison Park ចាប់តាំងពីឆ្នាំ១៨៩២ មកម្ល៉េះ ហើយក៏កំពុងសំឡឹងមើលដែលធ្លាប់ខកចិត្តជាយូរមកហើយ ដោយធ្លាប់ដាក់សំណើកសាងកីឡដ្ឋាននៅតំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តអង់គ្លេស ដែលត្រូវបានបដិសេធពីគណៈកម្មាធិការទីក្រុងកាលពីពេលនោះ។

គម្រោងខាងលើដែលមានកញ្ចប់ថវិកាប្រមាណ ៥០០លានផោននោះ ពួកគេបានអះអាងថានឹងជួយបង្កើតការងារ ១៥,០០០កន្លែង នឹងត្រូវបញ្ជូនទៅកាន់រដ្ឋាភិបាល ដើម្បីសម្រេចជាចុងក្រោយ៕