(ភ្នំពេញ)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសសមាសភាពកីឡាករបរទេសថ្មី ដែលត្រូវជំនួសកៅអីខ្សែការពារសញ្ជាតិអៀរឡង់ Paddy Barrett ហើយ គឺខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Robert Lopez Mendy ដែលផ្ទេរមកពីក្លិបជើងឯកលីគកំពូលហ្វីលីពីន United City (អតីតក្រុមឈ្មោះ Ceres-Negros)។

មុនប្រកាសសមាជិកថ្មីបន្ដិច អតីតក្រុមជើងឯក ២សម័យព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសបញ្ចប់កិច្ចសន្យាជាផ្លូវការ ជាមួយកីឡាករមានបទពិសោធជោគជាំនៅអឺរ៉ុប Paddy Barrett ដែលបានផ្ទេរទៅលេងឲ្យក្លិប St Patrick's Athletic FC នៃលីគកំពូលប្រទេសអៀរឡង់វិញ នារដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខផងដែរ។

ដូច្នេះវត្តមានខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Mendy នឹងត្រូវបំពេញកូតាកីឡាករបរទេសទី៥ ឲ្យក្លិបព្រះខ័នរាជស្វាយរៀង ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ។ មុនផ្ទេរមកកម្ពុជា Mendy បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឲ្យក្រុម United City ឈ្នះជើងឯកលីគកំពូលហ្វីលីពីន ២រដូវកាលចុងក្រោយ កាលពីឆ្នាំ២០១៩-២០២០ កន្លងទៅ៕