(បរទេស)៖ Lucid Motors ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបែបប្រណីត និងជាគូប្រជែងដ៏ធំរបស់ Telsa បានយល់ព្រម និងសម្រេចចូលក្នុងទីផ្សារភាគហ៊ុន ក្រោយពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនមូលបត្រដ៏ល្បី Churchill Capital IV Corp (CCIV) ដោយបានធ្វើឱ្យក្រុមហ៊ុនមួយនេះ មានតម្លៃក្នុងទីផ្សាររហូតទៅដល់ ២៤ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ត្បិតតែ Lucid Motors គឺជាក្រុមហ៊ុនដែលបានដំណើរការដោយអតីតវិស្វកររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Telsa ក៏ពិតមែន ប៉ុន្តែរថយន្តរបស់ Lucid Motors គឺសុទ្ធសឹងតែជារថយន្តដែលមានការរចនាម៉ូដឡើងយ៉ាងប្រណីតខ្លាំងបំផុត ពោលគឺរូបរាងពោរពេញ ដោយភាពទាក់ទាញ និងអស្ចារ្យ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការសម្រេចចិត្តវាយលុកទីផ្សារនៅពេលនេះ គឺត្រូវបានធ្វើឡើងនៅចំពេលដែលតម្រូវការទីផ្សាររថយន្តអគ្គិសនីកំពុងតែមានសន្ទុះ និងស្របពេលដែល Telsa កំពុងកាន់កាប់ទីផ្សារនៅអ៊ឺរ៉ុប និងតំបន់ផ្សេងៗជាច្រើនទៀត ដោយគ្មានក្រុមហ៊ុនណាមកប្រជែងជាមួយឡើយ ប៉ុន្តែអាចចាប់ពីពេលនេះតទៅ Tesla ប្រហែលជាត្រូវកាត់បន្ថយចំណែកទីផ្សារហើយ។

នៅក្នុងកិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានគេដឹងថាមានតម្លៃប្រតិបត្តិការភាគហ៊ុនរហូតទៅដល់ ១១.៧៥ពាន់លានដុល្លារ ដែលរួមបញ្ចូលទាំងលុយសុទ្ធប្រមាណជា ២.១ពាន់លានដុល្លារពី CCIV ផង និងភាគហ៊ុនដែលវិនិយោគដោយក្រុមអ្នកវិនិយោគិនផ្សេងទៀតសរុបប្រមាណជា ២.៥ពាន់លានដុល្លារ។

គួរប្រជែងក៏ធំរបស់ Tesla មួយនេះ បានប្រកាសនឹងចាប់ផ្តើមផលិតកម្ម និងការចែកចាយទៅកាន់តំបន់អាមេរិកខាងជើងនៅក្នុងពាក់កណ្តាលឆមាសទី២ ក្នុងឆ្នាំ២០២១នេះ ជាមួយនឹងម៉ូដែល Lucid Air ជារថយន្តអគ្គិសនីប្រណីត និងទំនើបដំបូងគេរបស់ Lucid ៕