(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Totttenham Hotspur បានឡើងទៅឈរចាំប្រកួតនៃវគ្គ ១៦ក្រុមចុងក្រោយមុនគេក្នុងពានអឺរ៉ុប UEFA Europa League បន្ទាប់ពីទម្លាក់គូប្រជែង Wolfsberger AC ដោយលទ្ធផល ៨-១ ទាំង ២ជើង។

ក្រុមមាន់ខ្នាយមាសបានបន្ថែមជ័យជម្នះ ៤-០ ទៅលើក្រុមភ្ញៀវ Wolfsberger របស់អូទ្រីសបញ្ចប់ជើងទី២ នៅរាត្រីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បន្ថែមលើជ័យជម្នះ ៤-១ កាលពីជើងទី១ នាសប្តាហ៍មុន ក្នុងវគ្គ ៣២ក្រុមចុងក្រោយនារដូវកាលនេះ។

Spurs បានក្លាយជាក្រុមទី១ ដែលរកបានច្រើនគ្រាប់ជាងគេទាំង២ជើង ក្នុងវគ្គ ៣២ក្រុមនេះ ហើយក៏ជាក្រុមដំបូងគេ ក្នុងចំណោម ៤ក្រុមរបស់អង់គ្លេសដែលបានឈ្នះកៅអីឡើងទៅវគ្គបន្ត ក្រៅពី Arsenal, Leicester City និង Manchester United ត្រូវប្រកួតបញ្ចប់ជើងទី២ រាត្រីនេះ។

ក្រុមដែលបានកំពុងដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho សំឡឹងរកឈ្នះ២ ក្នុងរដូវកាលនេះ ដែលត្រូវប៉ះ Manchester City នាខែមេសា ដណ្តើមពាន League Cup (Carabao Cup) និងពានលំដាប់ទី២ អឹរ៉ុប UEL៕