(ប៊ូតាផេស)៖ ក្រុមខ្លាំងរបស់អង់គ្លេស Manchester City រកបានជ័យជម្នះ ១៩ប្រកួតជាប់ៗគ្នាគ្រប់កម្មវិធី នៅពេលបន្តយកឈ្នះគូប្រជែង Borussia Monchengladbach ក្នុងលទ្ធផល ២-០ សម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League នារាត្រីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមរហស្សនាម «មេឃខៀវ» ដែលកំពុងបង្វឹកដោយលោក Pep Guardiola សំឡឹងរកឈ្នះពាន UCL នេះជាលើកដំបូង ដោយសំអាងទៅលើទម្រង់ដ៏គួរឲ្យទុកចិត្តបាន ជាមួយនឹងកីឡាករវ័យក្មេងៗលេងឡើងជើងថែមទៀតនោះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅទីលាន Puskas Arena នាទីក្រុង Budapest ប្រទេសហុងគ្រី ដោយសារតែអាល្លឺម៉ង់ដាក់កំហិតជនបរទេស ជាពិសេសមកពីអង់គ្លេសអំពីមេរោគ COVID-19 បំលែងថ្មី ទើបសម្រេចជ្រើសរើសទឹកដីកណ្តាល សម្រាប់ប្រកួតជើងទី១ បែបនេះ។

កីឡាករខ្សែបម្រើប្រយុទ្ធ Bernado Silva និង Gabriel Jesus រកបានម្នាក់ ១គ្រាប់ដូចគ្នានៅនាទី២៩ និងនាទី៦៥ ដើម្បីមាន ២គ្រាប់ក្នុងដៃ មុនត្រឡប់ទៅលេងនៅទឹកដី Etihad Stadium សម្រាប់ជើងទី២ នាខែមីនា ឆ្នាំ២០២១។

ចំណែកឯ Monchengladbach ដែលឡើងមកដល់វគ្គ ១៦ក្រុមចុងក្រោយនៃពានលំដាប់កំពូលប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៤៣ឆ្នាំ ទំនងជាត្រូវការអព្ភូតហេតុកើតឡើងផងដែរ សម្រាប់រាត្រីថ្ងៃទី១៦ ខែមីនា ដ្បិតជាមេឃខៀវជាក្រុមខ្លាំងក្នុងដី និងអ្នកចាំទី Ederson ពូកែធ្វើបាន Clean sheet ផងនោះ៕