(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា កីឡាករ-កីឡាការិនីជម្រើសជាតិ រួមទាំងគ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធជាង ១ពាន់នាក់ ដែលត្រៀមចេញបេសកកម្មក្រៅស្រុកក្នុងឆ្នាំនេះ នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅថ្ងៃទី០២-០៣ និងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្មីៗ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើបានបញ្ជាក់ថា «កីឡាករ-កីឡាការិនី ថ្នាក់ដឹកនាំ គ្រូបង្វឹក និងមន្ដ្រីកីឡាជាប់ព័ន្ធ នឹងត្រៀមចេញទៅក្រៅប្រទេសទាំងអស់ គឺត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC អនុញ្ញាតឲ្យចាប់ផ្ដើមចាក់វ៉ាក់សាំង បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី គឺត្រូវត្រៀមទៅចាក់ នៅថ្ងៃទី០២-០៣ និងថ្ងៃទី០៤ ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹកនាមន្ទីរពេទ្យព្រះកេតុមាលា»

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា «ដូច្នេះរយៈពេល ៣ថ្ងៃនេះនឹងត្រូវចាក់វ៉ាក់សាំងឲ្យរួច ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡាសរុប ១,០៥១នាក់។ ពិសេសនាយឱកាសនោះ ក៏នឹងមានការចូលរួមលើកទឹកចិត្តពីសម្ដេចពិជ័យសេនា ទៀ បាញ់ ផងដែរ។ ហេតុនេះ ខ្ញុំសូមអំពាវនាវដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ ដែលមានក្នុងបញ្ជីរបស់មជ្ឈមណ្ឌលជាតិហ្វឹហ្វឺនកីឡា និងមន្ដ្រីអនុរក្ស ថ្នាក់ដឹកនាំមជ្ឈមណ្ឌល សូមត្រៀមអត្តសញ្ញាណបណ្ណគ្រប់ៗគ្នា សម្រាប់ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា តាមស្មារតីស្ម័គ្រចិត្ដ»

គួរដឹងថា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្ដ្រីកីឡាពាក់ព័ន្ធសរុប ១,០៥១នាក់ ទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូង បន្ទាប់ពីមានការស្នើសុំពីគណៈកម្មាធិការជាតិ CAMSOC កាលពីថ្មីៗ តាមរយៈក្រុមការងារវ៉ាក់សាំង Covid-19 ក្រសួងការពារជាតិ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីបង្កើនទំនុកចិត្ត ក្នុងចិត្ដសាស្ដ្រកីឡា សម្រាប់ការហ្វឹកហាត់ ត្រៀមចូលរួមការប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា។

លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ សម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោនាយករដ្ឋមន្ដ្រី ចំពោះកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា ក្នុងការទទួលនូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដំបូង ដើម្បីបង្កើនទំនុកចិត្តក្នុងការហ្វឹកហាត់ ត្រៀមបំពេញបេសកម្មសំខាន់ៗ ក្នុងឆ្នាំ២០២១ ដូចជាការប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន ការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម និងការចេញទៅហាត់នៅចិន កូរ៉េ និងជប៉ុន ដើម្បីសម្រួចឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ជាដើម៕