(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានសម្រេចប្រកាសប្រមូលរថយន្តអគ្គិសនីប្រមាណ ៧៦០០០គ្រឿង ម៉ូដែល Kona ដែលផលិតចន្លោះឆ្នាំ ២០១៨ និង ២០២០ យកមកជួសជុល បន្ទាប់ពីមានបញ្ហាអាគុយ ដែលកើតមានឡើងតាំងពីពាក់កណ្ដាលឆ្នាំ២០១៩។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពីមានសេចក្ដីរាយការណ៍របស់អតិថិជនពីបញ្ហាអាគុយ ដែលអាចបង្កជាហានិភ័យនៃអគ្គិភ័យ ក្រុមហ៊ុន Hyundai ក៏សម្រេចប្រកាសប្រមូលរថយន្តទាំងនោះមកជួសជុល និងអាចចំណាយថវិកាប្រមាណ ៩០០លានដុល្លារអាមេរិក។

ក្រុមហ៊ុនផលិតរថយន្តយក្សមួយនេះ ក៏បានប្រកាសប្រមូលរថយន្តក្រុងដែលជារថយន្តអគ្គិសនីមួយចំនួនទៀតមកជួសជុលផងដែរ ដែលផលិតនៅចន្លោះឆ្នាំ២០១៧ និង២០២០ ដោយសរុបទាំងអស់ មានរថយន្ត ៨២០០០គ្រឿង។

គួរបញ្ជាក់ដែរថា យោងតាមការបញ្ជាក់ពី Hyundai បានឲ្យដឹងថា ការប្រមូលរថយន្តនេះនឹងចាប់ផ្តើមពីប្រទេសកូរ៉េខាងត្បូងមុនគេ ៕