(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងល្បីល្បាញ Tesla បានរំពឹងទុកថានឹងលក់រថយន្តបាន ៨០០០០០គ្រឿងនៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២១នេះ។ នៅបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Digi Times នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Digi Times បានឲ្យដឹងថា ក្រុមហ៊ុន Tesla បានរំពឹងទុកថា ការលក់នៅក្នុងឆ្នាំ២០២១នេះ នឹងកើនឡើងជាង ៦០ភាគរយ ខណៈដែល ការលក់រថយន្ត Model 3 និង Model Y នឹងកើនឡើងជាង ៩០ភាគរយ។

នៅឆ្នាំ ២០២០ ក្រុមហ៊ុន Tesla លក់រថយន្តបានជិត ៥០០០០០គ្រឿង នៅជុំវិញពិភពលោក ដោយស្មើនឹង ១៦ភាគរយនៃរថយន្តទាំងអស់ដែលបានលក់។

Model 3 ត្រូវបានគេមើលឃើញថា ជាកូនសោរដែលនាំឲ្យ Tesla ជោគជ័យកាលពីឆ្នាំ២០២០ ដោយសារតែលក់បានជាង ១៤០០០០គ្រឿងនៅក្នុងប្រទេសចិន និង ៨៨០០០ គ្រឿងនៅទីផ្សារអឺរ៉ុប។

គួរបញ្ជាក់ផងដែរថា Tesla ក្រោមការដឹកនាំរបស់លោក Elon Musk បានកំណត់គោលដៅខ្ពស់ក្នុងការលក់រថយន្តពីមួយឆ្នាំទៅមួយឆ្នាំ ហើយកាលពីឆ្នាំ២០២០ ត្បិតតែមិនគ្រប់គោលដៅក្ដី តែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមួយនេះបានកើនឡើងយ៉ាងគំហុក៕