(មែនឆេស្ទើ)៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា នៅតែមានការចាប់អារម្មណ៍ទៅលើកីឡាករវ័យក្មេង Jules Kounde របស់ក្លិប Sevilla បើទោះជាមានការស្ទាក់ស្ទើរលើសំណើតម្លៃផ្ទេរប្រមាណ ៦៨លានផោនចំពោះខ្សែការពារកណ្តាលស្ថិតក្នុងលីគអេស្ប៉ាញ LaLiga បច្ចុប្បន្ននេះ។

ខ្សែការពារ Jules ត្រូវបានឲ្យដឹងថាបានស្ថិតក្នុងបញ្ជីរបស់លោក Ole Gunner Solskjaer សម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខនេះ ខណៈរូបគេបង្ហាញខ្លួនបាន ៣៣ប្រកួតជាមួយក្រុម Sevilla គ្រប់កម្មវិធីប្រកួតនារដូវកាលនេះ ហើយក៏ត្រូវបានចាត់ទុកជាកីឡាករខ្សែការពារមួយរូបលេងល្អនៃចំណោមខ្សែការពារក្នុងពិភពបាល់ទាត់បច្ចុប្បន្ននេះ។

បុរសវ័យ ២២ឆ្នាំសញ្ជាតិបារាំង Jules ក៏ត្រូវបានក្លិប Real Madrid និង FC Barcelona តែងតែព្យាយាមនាំយករូបគេមកកាន់ក្លិបផង ប៉ុន្តែក្លិបអង់គ្លេស Man Utd ក៏ជាបេក្ខភាពប្រកួតប្រជែងក្នុងការចុះកិច្ចសន្យានាំយកបន្ទាប់ពីត្រូវបានក្លិប Manchester City ធ្លាប់ចូលពិភាក្សាកាលរដូវកាលមុន។

តែយ៉ាងណាក្លិបអេស្ប៉ាញ Sevilla ក៏កំពុងជួបវិបត្តិហិរញ្ញវត្ថុប្រចាំក្លិបដោយ COVID-19 ជាហេតុធ្វើឲ្យក្លិបនេះមិនចង់ទទួលយកសំណើតម្លៃផ្ទេរស្ថិតក្រោមតំម្លៃដែលបានដាក់លើទីផ្សាររបស់ពួកគេនោះទេ ចំពោះការផ្ទេរយកខ្សែការពារ Jules kounde ដែលកំពុងឡើងជើងនេះ៕