(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានសម្រេចផ្អាកមិនឲ្យមានទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ (លីគកំពូល) ឆ្នាំ២០២១ ជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការជូនដំណឹងរបស់ CNCC នៅថ្ងៃទី២៥ ខែកុម្ភៈនេះ។

ការជូនដំណឹងរបស់សេនាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាខាងលើ ក្រោយផ្ទុះនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កាលពីថ្មីៗ ស្របពេលលីគកំពូលកម្ពុជា ឆ្នាំ២០២១ គ្រោងនឹងបើកការប្រកួតរដូវកាលថ្មីនាថ្ងៃទី០៦ ខែមីនា សប្ដាហ៍ក្រោយ។ ដូច្នេះមានន័យថា ការបើករដូវកាលថ្មីនេះ នឹងរៀបចំឡើងលក្ខណៈបិទទ្វារបណ្ដោះអាសន្ន ដោយមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់នោះឡើយ។

CNCC បានបញ្ជាក់ថា «យោងតាមស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចផ្អាកមិនឲ្យទស្សនិកជនចូលទស្សនាផ្ទាល់នៅកីឡដ្ឋាន ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី»

គួរបញ្ជាក់ថា ពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បានដំណើរការប្រកួត ២សប្ដាហ៍មកហើយ ដោយ CNCC បានអនុវត្តតាមគោលការណ៍ឆ្នាំចាស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់ចំនួន ១០% នៃចំនួនកៅអីសរុបក្នុងកីឡដ្ឋានរបស់ក្លិបនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតបុគ្គល កាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍៕