(ញូវយ៉ក)៖ លោក Thierry Henry បានប្រកាសចុះចេញពីតំណែងគ្រូបង្វឹកនៃក្លិប CF Montreal ដែលរូបលោកបានដឹកនាំកាលពីឆ្នាំ២០១៩ មក ដោយសារតែហេតុផលផ្ទាល់ខ្លួន។

អតីតខ្សែប្រយុទ្ធនៃក្លិបកាំភ្លើងធំ Arsenal, FC Barcelona និងក្រុមជម្រើសជាតិបារាំងផងនោះ បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំក្លិប CF Montreal ដែលលេងនៅលីគកំពូល Major League Soccer របស់អាមេរិករយៈពេល ២ឆ្នាំនៅខែវិច្ឆិកា ឆ្នាំ២០១៩ មក ដែលកំពុងត្រូវបានក្លិប AFC Bournemouth ចែចូវឲ្យមកដឹកនាំក្លិបលេងនៅ Championship នាពេលថ្មីៗនេះដែរ។

បុរសវ័យ ៤៣ឆ្នាំ Henry បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BBC ថា «វាមានការលំបាកខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងការសម្រេចចិត្តចាកចេញបែបនេះ។ វាមិនមានភាពងាយស្រួលទេ ដែលខ្ញុំត្រូវបង្ខំចិត្តរស់នៅឆ្ងាយពីគ្រួសារ»

Henry ក៏បានបន្ថែមទៀតថា រូបលោកនឹងធ្វើដំណើរទៅទីក្រុង London ប្រទេសអង់គ្លេសវិញ និងសូមថ្លែងអំណរគុណដល់ក្លិប Montreal សម្រាប់ពេលវេលាដ៏ល្អៗនៅទីនេះ និងកិត្តិយសខ្លាំងដែលបានដឹកនាំក្លិបនេះលេងវគ្គជម្រុះដណ្តើមពាន Major League Soccer លើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៦ មក៕