(អាមេរិក)៖ កម្មវិធីផ្ញើសារ Facebook Messenger និង Instagram ត្រូវបានគេរាយការណ៍មកថា កើតមានបញ្ហា មិនអាចផ្ញើសារបាន ដោយបញ្ហានេះកើតមាននៅលើអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Down Detector នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍ និងបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា Facebook Messenger របស់ពួកគេមិនអាចផ្ញើសារបាន ខណៈដែលមានអ្នកផ្សេងជាច្រើនទៀតបានរាយការណ៍មកថា កម្មវិធី Instagram ក៏មិនអាចផ្ញើសារបានដូចគ្នា។

យោងតាមការបង្ហោះសាររបស់អ្នកប្រើប្រាស់នៅលើបណ្ដាញ Twitter បានឱ្យដឹងថា ក្រៅពីផ្ញើសារមិនបានហើយ មានពេលខ្លះពួកគេផ្ញើសារចេញ តែភាគីម្ខាងទៀតមិនឃើញ ឬទទួលមិនបាន ដោយបញ្ហានេះ វាបានកើតមានឡើងសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក ប៉ុន្តែមិនមែនទាំងអស់គ្នានោះទេ។

Down Detector ក៏បានបញ្ជាក់ផងដែរថា មានអ្នកប្រើប្រាស់ខ្លះគឺមិនអាចប្រើប្រាស់មុខងារ Call បាន ហើយរហូតមកដល់ពេលនេះ ខាង Facebook មិនបានបញ្ជាក់ឲ្យដឹងពីមូលហេតុនោះទេ។

ក្រុមអ្នកជំនាញបានលើកឡើងថា មួយរយៈនេះ Facebook ធ្វើកំណែទម្រង់ទៅលើ System របស់ខ្លួន ក្នុងទម្រង់ធំធេង ដូច្នេះហើយវាអាចនឹងប៉ះពាល់ដល់ការប្រើប្រាស់មួយចំនួន៕